ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald J. Trump បានអះអាងថា “កម្ពុជា និងថៃ នឹងមិនអីទេ” បន្ទាប់ពីបានទូរសព្ទពិភាក្សាជាមួយមេដឹកនាំប្រទេសទាំងពីរ ដើម្បីសម្របសម្រួលភាពតានតឹងនៅតាមព្រំដែនដែលបានផ្ទុះឡើងវិញសារជាថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ក្នុងសបទស្ថានការណ៍ដែលជម្លោះព្រំដែន កម្ពុជា-ថៃ បានកើតឡើងជាថ្មី សហរដ្ឋអាមេរិក បានចូលរួមយ៉ាងសំខាន់ក្នុងសម្របសម្រួលព្រមទាំងអំពាវនាវឱ្យភាគីទាំងពីររក្សាការអត់ធ្មត់ និងដោះស្រាយបញ្ហាតាមសន្តិវិធី។
ប្រទេសថៃ នៅសប្តាហ៍នេះ បានផ្អាកកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ថា “កម្ពុជាបានដាក់គ្រាប់មីនថ្មី” នៅតំបន់ព្រំដែន ប៉ុន្តែ កម្ពុជាបដិសេធយ៉ាងម៉ឺងម៉ាត់បំផុត និងច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ។
បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំទាំងពីរ កម្ពុជា-ថៃ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា
“ខ្ញុំបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីទាំងពីរ។ ពួកគេកំពុងធ្វើបានល្អ។ ខ្ញុំគិតថា ពួកគេនឹងមិនអីទេ”។
ក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មានអង់គ្លេស GB News កាលពីថ្ងៃសុក្រ លោក Trump ក៏បានបញ្ជាក់អំពីតួនាទីរបស់ខ្លួនក្នុងការបន្ធូរភាពតានតឹង នៅតំបន់អាស៊ីអាគ្នេយ៍ ដោយថ្លែងពាក្យថា៖ “ខ្ញុំគិតថា ខ្ញុំបានដោះស្រាយមួយនៅថ្ងៃនេះ” ប៉ុន្តែ មិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមទេ។
មន្ត្រីសេតវិមានម្នាក់ បាននិយាយថា លោក Trump ក៏បានទាក់ទងជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីស្ថានភាពនេះផងដែរ។
ជម្លោះព្រំដែនរយៈពេល៥ថ្ងៃ នៅខែកក្កដា រវាងកម្ពុជា និងថៃ បានបញ្ចប់ក្រោយពីការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដែលនាំឱ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងរួម ដែលគេហៅថា ជា “កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃគូឡាឡាំពួរ”។ ទោះបីជាយ៉ាងណា ភាពតានតឹងថ្មីៗ បានធ្វើឱ្យក្តីព្រួយបារម្ភអំពីជម្លោះឡើងវិញកើតមានឡើងជាថ្មី៕






