2025-11-15 15:16
8

ភ្នំពេញ៖ អគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅបំផ្លិចបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ១២ ខ្នងអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិមានតម្លៃជាច្រើនទៀត នៅក្បែរស្ពានអាកាសល្បាលថ្នល់ ខណ្ឌមានជ័យ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៤៥នាទី ចំណុច ផ្ទះលេខ ៦៩៤ ផ្លូវ២៧១ ក្រុមទី៣ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានម្ចាស់ផ្ទះឈ្មោះ ពៅ ណារី ភេទស្រី អាយុ ៦៨ឆ្នាំ មុនខរបរ អតីមន្ត្រីរាជការចូលនិវត្ត បណ្តាលឲ្យខូចខាតផ្ទះ សរុបចំនួន ១២ ខ្នង (ខូចខាតទាំងស្រុង) ប្រើប្រាស់រថយន្តពន្លត់អគ្គី័យសរុប ២៧ ឡាន ទឹកអស់ចំនួន ៦៧ ម៉ែត្រគូប។

តាមសាក្សីបាននិយាយថា មុនពេលកើតហេតុផ្សេងចាប់ផ្តើមហុយចេញពីផ្ទះពលរដ្ឋរងគ្រោះ និងមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗនោះកម្លាំងអន្តរាគមន៍ផ្នែកពន្លត់អគ្គិភ័យស្នងការដ្ឋានរាជធានីភ្នំពេញ និងអគ្គស្នងការនគរបាល បានចេញប្រតិបត្តិការបន្ទាន់ ដើម្បីបាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឱ្យរីករាលដាលកាន់តែធំ ប៉ុន្តែដោយសារស្ថានភាពផ្លូវពិបាកឱ្យរថយន្តចូលទៅដល់ ទើបមានការរីករាយដាលឆេះជាបន្តបន្ទាប់។ ប្រភពបន្តទៀតថា ខណៈស្ថានភាពអគ្គិភ័យឆេះកាត់តែខ្លាំងសមត្ថកិច្ចបានវាយរបងយកផ្លូវ ដើម្បីឱ្យរថយន្តអគ្គិភ័យ និងក្រុមជួយសង្គ្រោះចូលទៅបាញ់ទឹកពន្លត់។

បន្ទាប់មានកិច្ចអន្តរាគមន៍អគ្គិភ័យត្រូវបានគ្រប់គ្រងបានទាំងស្រុង ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ គឺផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ សរុបចំនួន ១២ ខ្នង ត្រូវបានរងការខូចខាតឆេះអស់ទាំងស្រុង។ ចំពោះមូលហេតុនៃការឆេះតាមការសន្និដ្ឋានជំហានដំបូង គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ថែមលើករណី គ្រោះអគ្គិភ័យនេះ និងស្រង់ទិន្នន័យការខូចខាតទ្រព្យសម្បត្តិសរុបរបស់ជនរងគ្រោះ៕