ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ន នេះ រដ្ឋលេខាធិការប្រចាំការ លោកស្រី អ៊ាត សោភា ធ្វើបទបង្ហាញជូនអង្គទូតបរទេស អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ និងអំពាវនាឱ្យមានការស៊ើបអង្កេតអព្យាក្រឹតលើការបាញ់ប្រហារជនស៊ីវិលកម្ពុជាស្លាប់ ០១ នាក់ និងរបួស ០៣ នាក់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់។
ក្រសួងបានប្រកាសថា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនសមាជិកអង្គទូត និងអង្គការអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ ជាពិសេស ឧប្បត្តិហេតុផ្ទុះមីន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងការបាញ់ប្រហារដោយកងកម្លាំងថៃ លើប្រជាជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
រដ្ឋលេខាធិការប្រចាំការបានប្រាប់អ្នកចូលរួមស្តាប់បទបង្ហាញថា “កម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបាញ់ប្រហារដោយឥតរឿងហេតុពីសំណាក់កងកម្លាំងថៃ ដែលបណ្តាលឱ្យស្លាប់ជនស៊ីវិលខ្មែរម្នាក់ និងរបួសបីនាក់ផ្សេងទៀត នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥”។
លោកស្រីបានបញ្ជាក់ដែរថា ការប្រើប្រាស់កម្លាំងខុសច្បាប់ “ប្រឆាំងនឹងជនស៊ីវិល” ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក៏បានជះឥទ្ធិពលអវិជ្ជមានផងដែរ ដល់ការងារកំណត់ព្រំដែនដែលកំពុងដំណើរការ តាមការព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ កាលពីថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ ២០២៥។ រដ្ឋលេខាធិការប្រចាំការ បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការបាញ់ប្រហារដ៏សោកនាដកម្មនេះ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងបានស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូទាំងអស់។
ទាក់ទិននឹងឧប្បត្តិហេតុផ្ទុះមីនដែលបានធ្វើឱ្យទាហានថៃមួយចំនួនរងរបួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោកស្រី អ៊ាត សោភា បានបញ្ជាក់ថា៖ “ខណៈឧបទ្ទវហេតុនេះ គួរមានការស៊ើបអង្កេតឯករាជ្យនោះ ពុំគួរអនុញ្ញាតឱ្យរឿងនេះធ្វើឱ្យខូចដល់ដំណើរការសន្តិភាពនោះទេ”។ លោកស្រីបានសម្តែងការសោកស្តាយដែលមានទាហានថៃរងរបួស និងគូសបញ្ជាក់បន្ថែមថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតប្រាសាទព្រះវិហារ ដែលជាតំបន់គេស្គាល់យ៉ាងច្បាស់ថា “ពោរពេញទៅដោយមីន” ដែលបន្សល់ពីសង្គ្រាមស៊ីវិលកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៨០ និងបានបដិសេធដាច់អហង្ការនូវរាល់ការចោទប្រកាន់ថា “កងកម្លាំងកម្ពុជាបានដាក់មិនថ្មី”។
លោកស្រីរដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា បានបញ្ចប់ការធ្វើបទបង្ហាញ ជាមួយនឹងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ។
សូមបញ្ជាក់ថា ការធ្វើបទបង្ហាញនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានរួមចំណែកក្នុងការបំភ្លឺពីអង្គហេតុជាក់លាក់មួយចំនួន ពាក់ព័ន្ធនឹងឧប្បត្តិហេតុទាំងពីរ៕






