2025-11-15 12:44
11

(កំពត)៖   នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ  លោក កែវ សុធាន ជាប្រជាកសិករស្រុកឈូកម្នាក់រស់នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានចែករំលែកបទពិសោធន៍ ក្នុងការចិញ្ចឹមបង្កងអូរស្ត្រាលីទៅតាមបែបធម្មជាតិងាយស្រួលណាស់សូម្បីតែក្មេងៗក៏អាចជួយការងារនេះបានដែរ។

លោក កែវ សុធាន ជាប្រជាកសិករម្នាក់បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងការអនុវត្តដោយជោគជ័យជាក់ស្ដែងក្នុងរយៈពេល៦ឆ្នាំមកនេះ លោកហ៊ានអះអាងថា ការចិញ្ចឹមបង្កងអូស្ត្រាលីតាមបែបធម្មជាតិ មានភាពងាយស្រួល ដោយមិនចាំបាច់ប្រើអ៊ុកស៊ីសែននោះទេ ហើយការចំណាយតិច ចំណេញទាំងពេលពេលវេលា ជាពិសេសទទួលបានទិន្នផលល្អ   ចំណែកឯរស់ជាតិវិញឆ្ងាញ់ជាងបង្កងទឹកសាប ឬបង្គាធម្មជាតិទៅទៀត  ចំណែកឯតម្លៃវិញលោកអាចលក់បានចន្លោះ ពី២២ ទៅ ២៥ ដុល្លារក្នុងមួយគីឡូក្រាម ។ 

លោកបន្តទៀតថា៖ ការចិញ្ចឹមមិនប្រើអ៊ុកស៊ីសែន មិនចាំបាច់ផ្លាស់ប្តូរទឹក មិនប្រើចំណីច្រើនទេ វាជួយកាត់បន្ថយការចំណាយថវិកាបានច្រើន រួមទាំងកម្លាំងពលកម្ម និងពេលវេលា ដោយគ្រាន់តែយើងចេះរៀបចំស្រះ  ឬស្រែបង្កង ឲ្យក្លាយជាទីជម្រកប្របកដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ នឹងធំធាត់តែប៉ុណ្ណោះ។

សម្រាប់លោកគឺ ប្រើហ្វីប្រូកល់ដុំឥដ្ឋ និងកំណាត់ទុយយោទឹកដាក់នៅបាតស្រះ ហើយយកកំប្លោក ចក កំពីងពួយដាំពង្រាយពីលើដើម្បីបានជាម្លប់ ព្រមទាំងបញ្ចៀសហានិភ័យផ្សេងៗ។ ប្រសិនបើចិញ្ចឹមបង្កងយកសាច់ឲ្យមានរសជាតិឆ្ងាញ់ពិសា ត្រូវរង់ចាំរយៈពេល៦ខែទើបប្រមូលផល  ប៉ុន្តែបើចិញ្ចឹមយកធ្វើមេពូជ ត្រឹម៤ខែអាចចាប់បានហើយ ព្រោះជាអាយុកាលនៃការបន្តពូជ។  របៀបប្រមូលផលបង្កងងាយបំផុត  គឺលោកមិនប្រើវិធីបូមទឹកចេញពីស្រះទេ ប្រសិនបើបូមទឹកនោះនឹងត្រូវចំណាយថវិការ និងពេលវេលា កម្លាំង រៀបចំស្រះឡើងវិញ គឺលោកដើរចាប់ពេលយប់ ដោយប្រើភ្លើងពិល។ ប្រជាកសិកររូបនេះបន្តទៀតថា ការចេះចិញ្ចឹម និងការដាំដំណាំរួមផ្សំជាច្រើនមុខនេះ បន្ទាប់ពីលោកបានការចូលរួមសិក្សារៀនសូត្រតាមរយៈវគ្គបណ្តុះបណ្តាលរបស់អង្គការនានាកាលពី៦ឆ្នាំមុន។ បច្ចុប្បន្ននេះលោកបានរៀបចំការពង្រីកផ្ទៃដីទំហំ៦ហិកតាបន្ថែម ដើម្បីដាំដំណាំបន្លែរួមផ្សំផ្សេងៗទៀត ដូចជា ៖ ការចិញ្ចឹមត្រី ខ្យង និងបង្កងអូស្ត្រាលីតាមបែបធម្មជាតិជាដើម។ ប្រជាកសិកររូបនេះបានលើកឡើងថា បើមានបងប្អូនណា ចង់ចេះអំពីរបៀបដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹម លោកនឹងជួយបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍ ដោយមិនមានការលាក់លៀមនូវចំណេះជំនាញមួយនេះឡើយ៕ (សឹង រ៉ាត់)