2025-11-17 08:07
12

ពោធិ៍សាត់៖ ស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែន កម្ពុជា–ថៃ នៅឃុំថ្មដា ស្រុវាលវែង ខេត្តពោធិ៍សាត់ បានកើនឡើងជាថ្មី នៅពេលកម្លាំងយោធាថៃ ចល័តគ្រឿងចក្រ រថពាសដែក និងកម្លាំងយោធាជាច្រើន ចូលមកធ្វើសកម្មភាពរាយបន្លាលួស និងពង្រីកលេនដ្ឋាន ក្រៅខ្សែបន្ទាត់ព្រំដែន។

តាមរបាយការណ៍បឋមពីកម្លាំងជួនមុខកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆកា កម្លាំងយោធាថៃ បានចល័តមកក្បែរភូមិសាស្ត្រប៉ុស្តិ៍ស្ពានជ័យជំនះ ចាប់ពីម៉ោង ៦និង៤០នាទីព្រឹក ដល់ម៉ោង ១២និង៣០នាទី ថ្ងៃត្រង់។ សកម្មភាពរួមមាន៖ បញ្ជូនគ្រឿងចក្រ ចំនួន ០៣ គ្រឿង (អេស្តាវ៉ាទ័រ២គ្រឿង និង, ប៊ុល១គ្រឿង, រថយន្តផ្លាំងដាស ០១ គ្រឿង, រថពាសដែក ០១ គ្រឿង និងកម្លាំងជើងថ្មើរប្រហែល ១០០ នាក់។

កម្លាំងយោធាថៃ បានធ្វើសកម្មភាពជាបន្តបន្ទាប់ ដោយវាយព្រៃ ឈូសដី និងធ្វើលេនដ្ឋានយ៉ាងរឹងមាំ ប្រហែល ៥០០ ម៉ែត្រ ពីលើខ្សែបន្ទាត់ព្រំដែនទៅទិសត្បូង រហូតដល់និយាមការ TU(51075,51678)។ ក្រៅពីនេះ ពួកគេចាប់ផ្តើមរាយបន្លាលួសផ្លូវខាងកើត ទល់មុខភូមិសាស្ត្រខាងកម្ពុជា ប្រវែងជាង ៦០ ម៉ែត្រ ផងដែរ។ សកម្មភាពនោះ ត្រូវកម្លាំងកម្ពុជាចេញទប់ស្កាត់ភ្លាមៗ ដោយរំឭក និងហាមឃាត់ភាគីថៃឲ្យផ្អាកសកម្មភាពសិន។

ប៉ុន្តែ បន្ទាប់ពីទាហានឈុតប៉ារ៉ារបស់ថៃមកដល់ ពួកគេចេញប្រកាសថា សកម្មភាពទាំងនេះជា “បទបញ្ជារបស់មេបញ្ជាការ” មិនអាចបញ្ឈប់បានទេ។ ភ្លាមៗនោះ កងកម្លាំងឈរជើងតំបន់ជួររបស់កម្ពុជា បានបន្ថែមកម្លាំងបន្ទាន់ ទល់មុខកម្លាំងថៃ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែម និងទប់ស្កាត់ការពង្រីកនៃភូមិសាស្ត្រ។ បន្ទាប់មកពួកវាបន្តសកម្មភាព នៅទីតាំងដែលបានឈូសឆាយកន្លងមក។

ភាគីថៃ បានបិទច្រកទ្វារច្រកផ្លូវ៥៦ ដែលភាគីថៃហៅថា “ដានថាសេន” និងរារាំងមិនឱ្យចេញ-ចូលដោយរាយលួសបន្លា។ ពេលវេលាដូចគ្នានេះ កម្លាំងថៃនៅតែរក្សារថពាសដែក និងអាវុធធ្ងន់តាមប្រទល់ព្រំដែន។

ចំពោះស្ថានភាពរបស់ប្រជាជនមូលដ្ឋាន បើទោះបីស្ថានការណ៍តានតឹងកើតឡើងក៏ដោយ កិច្ចការប្រចាំថ្ងៃនៅតាមភូមិសាស្ត្រខាងក្នុងគឺ “ស្ងប់ស្ងាត់” ប្រជាជនបន្តប្រកបរបរធម្មតា។

រីឯតំបន់អូរភ្លុកដំរី និងស្ពានជ័យជំនះ នៅស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីកម្លាំងកម្ពុជាដែលឈរជើងជួរមុខ ២៤ម៉ោង/២៤ម៉ោង ត្រៀមប្រុងជើងការគ្រប់ពេល ដើម្បីអនុវត្តបទបញ្ជា។ ជាការឆ្លើយតបរបស់កម្លាំងកម្ពុជាកម្លាំងត្រៀមខ្លួនពេញលេញ ២៤ម៉ោង សហការណ៍ជាមួយគ្រប់កងកម្លាំងយ៉ាងជិតស្និទ្ធ បន្តការតាមដាន និងឈរជើងពារតាមចំណុចសំខាន់ៗទាំងអស់។

អ្នកវិភាគយោធាលើកឡើងថា “ការកសាងផ្លូវនៅតាមបណ្តោយព្រំដែនរបស់ភាគីថៃ គឺជាការផ្លាស់ប្តូរភូមិសាស្រ្តយោធា។ បើកការរាយបន្លាលួស និងការកាត់ឈើមានទំហំធំ នោះជាសញ្ញាថាភាគីថៃកំពុងពង្រីកលេនដ្ឋានក្បែរខ្សែព្រំដែនកម្ពុជា”។

អ្នកវិភាគនយោបាយថៃ ក្រុងបាងកក បានលើកឡើងថា “ការចលនារបស់កងកម្លាំងថៃបច្ចុប្បន្នអាចពាក់ព័ន្ធនឹងពាក់ព័ន្ធភាពតានតឹងផ្នែកនយោបាយក្នុងស្រុកថៃ និងសម្ពាធចំពោះរដ្ឋាភិបាល អនុទីន បន្ទាប់ពីការរិះគន់ពីក្រុមជាតិនិយម”។

សូមបញ្ជាក់ថា តំបន់ពោធិ៍សាត់ដែលជាភូមិសាស្ត្រ មិនដែលមានភាពតានតឹងខ្លាំងក្នុងអតីតកាល កំពុងក្លាយជាកន្លែងសំខាន់សម្រាប់ការសង្កេត និងជាការបង្ហាញឥទ្ធិពលកម្លាំងយោធា៕