2025-11-21 22:01
23

ព្រៃវែង៖ មន្ត្រីកងរាជអាវុធហត្ថ ចំនួន ០២ រូប មានតួនាទីជា មេបញ្ជាការ និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ខេត្តព្រៃវែង កំពុងស្ថិតក្រោមការស៊ើបអង្កេត ពាក់ព័ន្ធកករណី “ជំរិតទារលុយ” ពីអ្នកឆក់ត្រី ចំនួន ៨០ ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានប្រកាសថា “ករណី មន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង ទារលុយពីអ្នកឆក់ត្រី ចំនួន ៨០ ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ” មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាននឹងកំពុងចាត់វិធានការត្រួតពិនិត្យ និងស៊ើបអង្កេតលើបុគ្គល ចំនួន ០២ រូប ជាមេបញ្ជាការ និងមេបញ្ជាការរងអាវុធហត្ថស្រុកពារាំងតាមនិតិវិធី។ ចំពោះលទ្ធផលនៃការស្រាវជ្រាវ និងស៊ើបអង្កេតអ្នកនាំពាក្យនឹងប្រកាសក្រោយពេលបញ្ចប់និតិវិធី។

អ្នកនាំពាក្យបានបញ្ជាក់ថា ក្រោយទទួលព័ត៌មាននេះ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បាននឹងកំពុងចាត់វិធានការត្រួតពិនិត្យចំពោះបុគ្គល ចំនួន ០២ រូប៖ ទី១- វរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និង ទី២- អនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។

អ្នកនាំពាក្យកងរាជអាវុធហត្ថបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២០និង០០នាទី លោកអនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង បានចុះល្បាតតាមភូមិសាស្ត្រ ដោយមានការឯកភាពពី លោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។ លុះនៅវេលាម៉ោង ២២និង០០នាទី បានប្រទះឃើញជនសង្ស័យកំពុងឆក់ត្រី នៅចំណុច ភូមិពាមពពិល ឃុំរាប ស្រុកពារាំង ហើយក៏បានសំដៅទៅជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកនូវម៉ូតូ ០១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ 1M-3033, ដុំឆក់ 0១, ពិល 0១, ខ្សែភ្លើងប្រវែង ៤ម៉ែត្រ និងកន្ត្រកដាក់ត្រី 0១។ បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។

សូមសម្រាបថា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានការភ្ញាក់ផ្អើលប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ មានឈ្មោះ ចេន ចិន អាយុ ២៦ឆ្នាំ នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានលង់ទឹកស្លាប់ ត្រង់ចំណុច ទ្វាទឹករំលេច បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ០២ថ្ងៃ មិនឃើញត្រឡប់មកផ្ទះវិញ ពេលចេញទៅរកឆក់ត្រី។

ក្រោយការភ្ញាក់ផ្អើលអ្នកភូមិបានលើកឡើងថា កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ជនរងគ្រោះបានចេញទៅរកត្រីម្តុំចំណុចកើតហេតុ ដោយប្រើប្រាស់ឧបករណ៍ឆក់ល្មើសច្បាប់ ហើយត្រូវបានប៉េអឹមប្រទះឃើញចុះទៅបង្ក្រាប ប៉ុន្តែអ្នកឆក់ត្រីបានរត់ចោលម៉ូតូ និងឧបករណ៍ឆក់ត្រីហែលសំដៅទៅទឹកជ្រៅបាត់ស្រមោល ហើយមន្ត្រីប៉េអឹមបានយកម៉ូតូ និងសម្ភារៈឆក់ត្រីទៅរក្សាទុកនៅបន្ទាយ។ បន្ទាប់មកខាងមន្ត្រីប៉េអឹម បានទំនាក់ទំនងមកក្រុមគ្រួសាររងគ្រោះ ដើម្បីឱ្យមកដោះម៉ូតូយកទៅវិញ ជាថ្នូរនឹងលុយ ៨០ ម៉ឺនរៀល ហើយត្រូវបានក្រុមគ្រួសារឆ្លើយថា “ឱ្យទៅដោះយកម៉ូតូយ៉ាងម៉េច? បើមនុស្សមិនដឹងនៅឯណាផង..!”។ មន្ត្រី PM ក៏បានឆ្លើយប្រាប់វិញថា “អ្នកឆក់ត្រីឈ្មោះ ចេន ចិន បានរត់បាត់ហើយ គឺចាប់បានតែម៉ូតូ និងឧបករណ៍ឆក់ត្រីប៉ុណ្ណោះ”

លុះរហូតដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ សាកសពជនរងគ្រោះជាអ្នកឆក់ត្រីរត់គេចពីសមត្ថកិច្ចប៉េអឹម ប្រទះឃើញអណ្តែតទឹកត្រង់ចំណុច ទ្វាទឹករំលេច ក្នុងភូមិ ឃុំ កើតហេតុ បង្កការភ្ញាក់ផ្អើល និងបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីពិនិត្យសពតែម្តង។ ក្រោយប្រទះឃើញសពជនរងគ្រោះលង់ទឹកស្លាប់ ទើបបែកធ្លាយព័ត៌មាន មន្ត្រីប៉េអឹមស្រុកពារាំង ចុះបង្ក្រាបករណី “ឆក់ត្រី” និងបានជំរិតទាប្រាក់ ចំនួន ៨០ ម៉ឺនរៀល ជាថ្នូរប្រគល់ម៉ូតូឱ្យវិញ ដោយមិនបានដឹងថាអ្នកឆក់ត្រីរត់គេចខ្លួនហើយលង់ទឹកស្លាប់នោះទេ។

នៅរសៀលទី២១ ខែវិច្ឆិកានេះ លោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង បានប្រាប់អ្នកកាសែតថា “មន្ត្រីរបស់លោកពិតជាបានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំណុចខាងលើប្រាកដមែន ដោយដកហូតឧបករណ៍ និងវត្ថុតាងមករក្សាទុក ខណៈអ្នកប្រព្រឹត្តរត់គេចខ្លួនបាត់”។ លោកបានបន្ថែមថា “ពាក់ព័ន្ធរឿងទាលុយ ៨០ ម៉ឺនរៀល ជាថ្នូរដោះលេងម៉ូតូវិញលោកមិនដឹងទេ”

បច្ចុប្បន្ន ករណី ខាងលើនេះ មេបញ្ជាការ និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ត្រូវបានថ្នាក់លើចាត់វិធានការស៊ើបអង្កេត និងស្រាវជ្រាវលម្អិតលើករណី ចុះបង្ក្រាបករណី ឆក់ត្រី បណ្តាលឱ្យអ្នកឆក់ត្រីរត់គេចខ្លួនរួចលក់ទឹកស្លាប់ និងបានជំរិតទាបប្រាក់ ចំនួន ៨០ ម៉ឺនរៀល ជាថ្នូរក្នុងការប្រគល់ម៉ូតូឱ្យវិញ៕