2025-11-21 22:35
17

ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ចប៉េអឹម ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាព ចាប់ជំរិតទាប្រាក់ ពីជនបរទេស ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ០៦ លើក ប៉ុន្តែចុងក្រោយអស់លក្ខ ត្រូវបានកម្លាំងសមត្ថកិច្ចជំ​នាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ​បាលរាជធានីភ្នំពេញ បើកការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់ឃាត់ខ្លួន បានចំនួន ០៨ នាក់ នាំមកធ្វើការសាកសួរតាមនិតិវិធីច្បាប់។

នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមឧក្រិដ្ឋជនចាប់ជំរិតទាំង៨នាក់ ជាសាធារណៈ​ និងបានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមចាប់ជំរិតនេះ ដោយមានការដឹកនាំបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៣និង២០នាទីទៀបភ្លឺ មានករណី ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ ចំនួន ៥២,០០០ ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុច ផ្លូវ ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ LONG JUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្នខុនដូរ «Le Condo» បន្ទប់ ១០០១ ជាន់ទី១០ ផ្លូវ៥៧ កែង៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នគបាលបានឱ្យដឹងទៀតថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈកាលស្រាវជ្រាវតាមជំនាញការិ​យាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលទាំង ១៤ ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ រហូត ស្វែងរកជនសង្ស័យបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៨ នាក់ រួមមាន៖ ទី១. ឈ្មោះ ហ៊ុៈ សុផុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបន្ទប់ជួល ផ្លូវបេតុង  ខណ្ឌទួលគោក រាជធានីភ្នំពេញ , ២. ឈ្មោះ ខឿន រុន  ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ស្រុកស្នួល ខេត្តក្រចេះ, ៣. ឈ្មោះ ណុន ស៊ីតុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  ទីលំនៅផ្លូវជាតិលេខ២ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល , ៤. ឈ្មោះ ហ៊ុ វិរៈ ហៅ វុទ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឱ្យចិន ទីលំនៅភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត, ៥. ឈ្មោះ ហ៊ុ សុភ័ក្រ្ត ហៅ យ៉ត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឱ្យចិន ទីលំនៅស្នាក់នៅខុនដូររ៉េស៊ីដង់ ផ្លូវ៤៣២ ក្រុម១ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ រាជធានីភ្នំពេញ, ៦. ឈ្មោះ ជា សុខលី  ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឱ្យចិន ទីលំនៅ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ៧. ឈ្មោះ មុន វិចិត្រចិន្ដា ហៅ ចិន្ដា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឱ្យចិន ទីលំនៅ ស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ទី៨. ឈ្មោះ ឡែម លាភ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែ មុខរបរ បុគ្គលិក លក់ដីឡូតិ៍ ទីលំនៅ ផ្ទះលេខបេ ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងពីជនសង្ស័យខាងមានដូចជា៖ រថយន្ត ម៉ាកព្រូស ពណ៌ស ផ្លាកលេខ កំពត 2B-8818 និងរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2BQ-8101 , កាំភ្លើងខ្លី ចំនួន ០៤ ដើម (ម៉ាក GLOCK19 GEN4 , ម៉ាក GLOCK19 kuiEX , ម៉ាក SIGSAUER និងម៉ាក SPRINGFIELDARMORY), ទូរសព្ទ ចំនួន ០៦ គ្រឿង, គ្រាប់ ចំនួន ៣៨ គ្រាប់, ខ្នោះដៃ ចំនួន ០៧, សម្លៀកបំពាក់កងរាជអាវុធហត្ថ ចំនួន ០៤ កំប្លេ, កាតកងរាជអាវុធហត្ថ ចំនួន ០២ សម្លឹក (COPY) និងកាបូបស្ពាយចំនួន ០១។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៨នាក់ខាងលើថា ខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ពីជនបរទេស ចំនួន ០៦ លើក ពិតប្រាកដមែន

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ  ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕