ត្បូងឃ្មុំ៖ ជនជាតិវៀតណាម ចំនួន ១១០ នាក់ (ស្រី ០១នាក់) ត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការបណ្តេញចេញនេះ អនុសាសន៍របស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួង។ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានចាត់ចែងឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ប្រតិបត្តិតាមច្បាប់ក្នុងការបណ្តេញដល់ជនបរទេសទាំងនេះ។
ជនជាតិវៀតណាមទាំង ១១០ នាក់ ត្រូវបានរកឃើញថា បំពានប្រកាស ស្តីពី ការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា ដោយលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន តាមផ្លូវការណ៍ និងពាក់ព័ន្ធការធ្វើការងារខុសច្បាប់ ជាពិសេសសកម្មភាព Online Scams។
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលករណីនេះពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធីសមស្រប។
អាជ្ញាធរខ្មែរ ដែលកំពុងពង្រឹងវិធានការអន្តោប្រវេសន៍ និងការការពារសន្តិសុខ បានបញ្ជាក់ថា “នឹងបន្តចាត់វិធានការរឹងមាំលើជនបរទេសលួចស្នាក់នៅ និងពាក់ព័ន្ធសកម្មភាពឧក្រិដ្ឋកម្មដណ្តើមបានតាមបណ្ដាញ”៕






