2025-11-24 15:21
10

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន កំពុងធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធា ក្បែរកោះតៃវ៉ាន់ បានអះអាងថា “ផែនការដាក់ពង្រាយកាំជ្រួចនៅតំបន់នេះ កំពុងដំណើរការតាមផែនការគ្រោងទុក ខណៈដែលភាពតានតឹងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កំពុងកើនឡើងជុំវិញវិបត្តិតៃវ៉ាន់”។

លោក Shinjiro Koizumi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចដំបូងរបស់គាត់ទៅកាន់មូលដ្ឋានយោធាលើកោះ Yonaguni ភាគខាងត្បូងជប៉ុន ថា ការដាក់ពង្រាយកាំជ្រួចនេះ “អាចជួយបន្ថយឱកាសនៃការវាយប្រហារដោយកម្លាំងអាវុធលើប្រទេសជប៉ុន” ហើយ “មតិយោបល់ដែលថាវានឹងបង្កើនតានតឹងក្នុងតំបន់ គឺមិនត្រឹមត្រូវឡើយ”។

ជប៉ុនមានគម្រោងដាក់ពង្រាយកាំជ្រួចប្រឆាំងយន្តហោះរយៈចម្ងាយមធ្យមលើកោះ Yonaguni ដែលស្ថិតនៅចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពីភាគខាងកើតតៃវ៉ាន់ ក្នុងបរិបទការពង្រីកកម្លាំងយោធារបស់ខ្លួនតាមខ្សែកោះភាគខាងត្បូង។ ចលនានេះបង្ហាញពីការព្រួយបារម្ភរបស់ជប៉ុនចំពោះអំណាចយោធាកំពុងកើនឡើងរបស់ចិន និងសេចក្តីកង្វល់អំពីការប៉ះទង្គិចលើតៃវ៉ាន់។

ភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រី Sanae Takaichi បាននិយាយកាលពីថ្ងៃទី ៧ វិច្ឆិកា ថា ប្រសិនបើចិនវាយលុកតៃវ៉ាន់ “ជប៉ុនអាចចូលរួមសកម្មភាពយោធារជាមួយបណ្តាប្រទេសផ្សេងទៀត”។ ពាក្យសម្ដីនេះបង្កឱ្យមានប្រតិកម្មខ្លាំងពីចិន រួមទាំងវិធានការសេដ្ឋកិច្ចតបស្នង។

បើទោះបីជានាយករដ្ឋមន្ត្រីបានត្រលប់ទៅគោលនយោបាយបុរាណ ដែលមិនអនុញ្ញាតឱ្យពិភាក្សាពីសេណារីយ៉ូយោធាជាក់លាក់ក្តី ប៉េកាំងនៅតែទាមទារឱ្យមានការដកហូតពាក្យសម្ដី។ កាលពីថ្ងៃសៅរ៍ មន្ត្រីជប៉ុនម្នាក់បានបដិសេធការអះអាងរបស់ចិនថា ជប៉ុនបានផ្លាស់ប្តូរទស្សនៈ នៅលើវិបត្តិតៃវ៉ាន់ ដោយថា “គ្មានមូលដ្ឋានឡើយ”។

មុនមកទស្សកិច្ចកោះ Yonaguni លោក Koizumi ក៏បាន ទស្សនាមូលដ្ឋានយោធាលើកោះ Ishigaki និង Miyako ដែលមានទាំងប្រព័ន្ធកាំជ្រួចប្រឆាំងនាវា ក្រុមប្រមូលព័ត៌មានតាមអាកាស និងឃ្លាំងគ្រាប់រំសេវ។ ជប៉ុន និងសហរដ្ឋអាមេរិក ក៏មានមូលដ្ឋានយោធាស្ថិតនៅកោះ Okinawa ផងដែរ។

កោះ Yonaguni ជាកន្លែងលំហែកាយដ៏ពេញនិយមរបស់អ្នកទេសចរ រួមទាំងសម្រាប់អ្នកមុជទឹក និងជាគន្លឹះយុទ្ធសាស្ត្រដែលមានបំពាក់ប្រព័ន្ធរ៉ាដារ និងកងប្រយុទ្ធអេឡិចត្រូនិក (Electromagnetic Warfare Unit) តាំងពីឆ្នាំ ២០២៤ ដែលអាចរំខានការបញ្ជាក់ទំនាក់ទំនងរបស់គោលដៅសត្រូវ។

ប៉ុន្មានសប្តាហ៍មុន កងទ័ពសហរដ្ឋអាមេរិកបានអនុវត្តលំហាត់យោធា ដឹកជញ្ជូនសម្ភារៈពី Okinawa ទៅ Yonaguni ដើម្បីស្ទង់សមត្ថភាពបង្កើតមូលដ្ឋានប្រតិបត្តិការខាងមុខ ក្នុងករណីតំបន់ជួបវិបត្តិ។

ក្នុងកិច្ចប្រជុំជាមួយអភិបាលកោះ Yonaguni លោក Koizumi បានថ្លែងថា ជប៉ុនត្រូវពង្រឹងសមត្ថភាពទប់ស្កាត់ដោយបង្កើនសមត្ថភាពយោធារបស់ខ្លួន និងពង្រឹងទំនាក់ទំនងជាមួយកម្លាំងយោធាសហរដ្ឋអាមេរិក។ គាត់បានបន្ថែមថា “ជប៉ុនកំពុងប្រឈមជាមួយបរិយាកាសសន្តិសុខស្មុគស្មាញបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ ដើម្បីការពារជីវភាពប្រជាជន រួមទាំងអ្នករស់នៅលើ Yonaguni”។

ទីបំផុត ក៏មានការចេញអត្ថបទពីសារព័ត៌មានចិន សួរសំណួរអំពីអធិបតេយ្យភាពជប៉ុនលើកោះ Ryukyu ដោយលើកឡើងពីប្រវត្តិជឿនលឿនឯករាជ្យពីរយៈពេលច្រើនសតវត្សរ៍មុន។ ទោះជាយ៉ាងណា ប្រជាជនភាគច្រើននៅតំបន់នេះ មិនចង់ឯករាជ្យឡើយ ប៉ុន្តែពួកគេព្រួយបារម្ភពីហានិភ័យនៃការក្លាយជាគោលដៅ ក្នុងករណីជម្លោះតំបន់៕