កិច្ចព្រមព្រៀងការពារជាតិថ្មីរវាងទីក្រុងតូក្យូ និងទីក្រុងម៉ានីល កំពុងជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ខណៈដែលប្រឈមមុខ និងការឈ្លានពានរបស់ចិន។ ជប៉ុន និងហ្វីលីពីនបានធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង កាលពីខែតុលា ឆ្នាំ 2025កន្លងទៅ នេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់ ដែលចូលជាធរមាននៅក្នុងខែកញ្ញា។ កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាក្នុងខែកក្កដា ឆ្នាំ2024 អនុញ្ញាតឱ្យទីក្រុងតូក្យូ និងម៉ានីល អាចដាក់ពង្រាយកម្លាំងលើទឹកដីរបស់គ្នាទៅវិញទៅមកបាន។
លោក Manhit ថាកិច្ចព្រមព្រៀងថ្មីនេះ បានលើកកម្ពស់កិច្ចសហការរបស់សម្ព័ន្ធមិត្ត កម្រិតថ្មី រួមទាំងវិស័យយោធា និងបណ្តាញអ៊ីនធឺណិត។ ដោយរំពឹងថាកិច្ចសហការនេះ ជប៉ុននឹងអាចជួយហ្វីលីពីន ធ្វើទំនើបកម្មខ្លួនដ៏រឹងមាំ។ កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ជាំងឲ្យឃើញពីការឆ្លើយតបទៅនឹងភាពតានតឹងរវាងចិន និងហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូង។ ប៉ុន្តែជប៉ុនមានជម្លោះទឹកដីដាច់ដោយឡែកមួយផ្សេងទៀតជាមួយចិន ជុំវិញប្រជុំកោះនៅសមុទ្រចិនខាងកើត។
ធ្វើឲ្យប្រទេសជិតខាងរបស់ចិនបង្កើនការការពារ ខណៈទីក្រុងតូក្យូបានបញ្ចូននាវាចម្បាំងជើងទឹក៦គ្រឿង ទៅកាន់ហ្វីលីពីន ដើម្បីកែលម្អការការពារដែនសមុទ្ររបស់ទីក្រុងម៉ានីល បច្ចុប្បន្ននេះនាវាពិឃាត Abukuma-class កំពុងបម្រើការជាមួយកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន។ ទីក្រុងប៉េកាំងថ្កោលទោស ការធ្វើសមយុទ្ធរួមគ្នាជាមួយកងកម្លាំងអាមេរិក ដោយទទូចថា ច្រាំងសមុទ្រនេះជាកម្មសិទ្ធិរបស់ចិន។ កាលពីឆ្នាំ 2016 តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ បានកាត់ក្តីថា ការទាមទាររបស់ចិនមិនមានមូលដ្ឋានណាមួយនៅក្រោមច្បាប់អន្តរជាតិឡើយ។ ប៉ុន្តែចិនច្រានចោលសាលក្រមនេះ ហើយចោទហ្វីលីពីន ធ្វើប្រតិបត្តិការក្នុងដែនទឹករបស់ចិន។ កប៉ាល់ហ្វីលីពីន តែងតែប្រឈមមុខនឹងការគម្រាមគហែងពីការប៉ាល់ចិន ជុំវិញតំបន់ជម្លោះ រួមទាំងត្រូវបានតាមដាន ឡោមព័ទ្ធ វាយប្រហារដោយកាណុងបាញ់ទឹក និងកាំរស្មីឡាស៊ែរ ដោយឆ្មាំសមុទ្រចិន។ ការធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូង ស្ថិតនៅក្នុងដែនទឹកក្រុងម៉ានីល សំដៅទៅសមុទ្រហ្វីលីពីនខាងលិច ក្រោមសកម្មភាពសហប្រតិបត្តិការពហុភាគីដែនសមុទ្រ (MMCA) នៅថ្ងៃទី14 និង15 ខែវិច្ឆិកាថ្មីៗនេះ កំពុងប្រឈមមុខនឹងទីក្រុងប៉េកាំង។ សកម្មភាពនេះជំរុញឱ្យមានការឆ្លើយតបយ៉ាងតឹងរ៉ឹងពីទីក្រុងប៉េកាំង ដោយក្រុមមន្ត្រីចិន និយាយថា ការសមយុទ្ធនេះ បានធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។
ថ្មីៗនេះចិនផ្អាកការនាំចូលអាហាររបស់ជប៉ុន ស្របពេលមានការធ្វើសមយុទ្ធ កងទ័ពជើងទឹកជាមួយអាមេរិច និងការផ្ទុះសង្រ្គាមពាក្យសំដីរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ព្រមានធ្វើការឆ្លើយតបដោយកម្លាំងយោធា ដើម្បីការការពារខ្លួន បើចិនវាយប្រហារកោះតៃវ៉ាន់។ ចិនចាក់ទុកការអត្ថាធិប្បាយរបស់នាយករដ្ឋរមន្ត្រីជប៉ុន ជាការគំរាមកំហែងនិងបង្កភាពតានតឹងជាមួយទីក្រុងប៉េកាំង។ ចិនបានឆ្លើយតបឲ្យបញ្ឈប់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន និងណែនាំពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅជប៉ុន ខណៈដែលសំបុត្រយន្តហោះជិត 500,000 សំបុត្រត្រូវបានលុបចោលភ្លាមៗ ។
លោក Kei Koga សាស្ត្រាចារ្យរងនៅកម្មវិធីគោលនយោបាយសាធារណៈ និងកិច្ចការសកលនៅសាកលវិទ្យាល័យ Nanyang Technological University (NTU) របស់សិង្ហបុរី ថាយុទ្ធសាស្រ្តចិន ដើម្បីដាក់សម្ពាធលើជប៉ុន អាចប៉ះពាល់ដល់ហ្វីលីពីន ចិនចាត់ទុកសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីជប៉ុន ជាឱកាសដ៏ល្អមួយដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអភិរក្សនិយមជប៉ុនរូបនេះ។ ការធ្វើដូច្នេះ ទំនងជាចិនព្យាយាមជំរុញឱ្យមានជម្លោះរវាងអាមេរិក និងជប៉ុន ហើយអាចរវាងជប៉ុន និងប្រទេសដទៃទៀត រួមទាំងហ្វីលីពីនផងដែរ"។
បន្ទាបពីចិនទាមទារកោះតៃវ៉ាន់ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន និងគំរាមប្រើកម្លាំងយោធាបន្ថែមទៀត។ ភាពតានតឹងរវាងចិន និងតៃវ៉ាន់ កាលពីខែសីហា ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយថា ជម្លោះលើកោះតៃវ៉ាន់ នឹងជៀសមិនរួចឡើយ ហើយហ្វីលីពីននឹងត្រូវបានអូសក្នុងជម្លោះនេះផងដែរ។ ចិនបានព្រមានហ្វីលីពីនថា នឹងលេងជាមួយភ្លើងប្រសិនបើរឿងនេះកើតឡើង។ ប៉ុន្តែហ្វីលីពីនថា ខ្លួនផ្តោតការយកចិត្តទុក្ខដាក់ជាចម្បងលើសមុទ្រចិនខាងត្បូង និងការពារផលប្រយោជន៍របស់ខ្លួនក្នុងតំបន់តែប៉ុណ្ណោះ។ ពេលនេះជប៉ុន និងអាមេរិក បាននឹងកំពុងពិភាក្សាអំពីសក្តានុពលរបស់តៃវ៉ាន់ ដែលអាចសហការគ្នា អំពើភូមិសាស្ត្រ និងពិភាក្សាបញ្ហានេះជាមួយហ្វីលីពីនបន្ថែម។ ហ្វីលីពីនផ្តោតលើយុទ្ធសាស្ត្រភ្លាមៗ លើសមុទ្រចិនខាងត្បូង នឹងពិចារណាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីទប់ទល់រារាំងការអះអាងរបស់ចិន។ ហ្វីលីពីន មានការព្រួយបារម្ភ ព្រោះប្រជាជនហ្វីលីពីនជាង 160,000នាក់ នៅតៃវ៉ាន់ ដូច្នេះត្រូវយកចិត្តទុកដាក់ សម្រាប់កិច្ចសហប្រតិបត្តិការយោធានៅពេលមានអាសន្ន លោកជឿថាពេលនេះហ្វីលីពីនមិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ ៕ 





