2025-11-26 17:33
24

ប៉េកាំង៖   បន្ទាប់ពីបាញ់ផ្លោងពាក្យសំដីដាក់គ្នាទៅវិញទៅមករវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ហូរហែរប្រៀបនិងអាយ៉ៃឆ្លើយឆ្លង ម្នាក់ៗមិនខ្ចីបន្ទន់ឥរិយាបថ ពើងទ្រូងដាក់គ្នារៀងៗខ្លួននោះ ។  ពេលនេះចិនក្ដៅស្លឹកត្រចៀកទ្រាំលែងបានជាមួយនិងជប៉ុន  ដោយសង្កឺតធ្មេញ ព្រមានបែបធ្ងន់ៗទៅកាន់ទីក្រុងតូត្យូ នៅថ្ងៃពុធនេះថា ទីក្រុងប៉េកាំងនិងមិនខ្វល់អ្វីទៀតនោះទេ នឹងកំទេចចោលដោយមិនរើសមុខ ចំពោះការប៉ុនប៉ងរបស់បរទេសណា ហ៊ានចេះដឹងនិងលូកដៃជ្រៀតជ្រែកលើកោះតៃវ៉ាន់នោះ។ នេះបើតាមរ៉យទ័រ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។  ការព្រមានបែបធ្ងន់ៗនេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi ប្រកាសកាលពីថ្ងៃអាទិត្យសប្តាហ៍នេះថា ទីក្រុងតូក្យូកំពុងឈានទៅមុខជាមួយ នឹងផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅភាគខាងលិច លើកោះ Yonaguni ស្ថិតនៅចម្ងាយ 110 គីឡូម៉ែត្រតែប៉ុណ្ណោះ ពីឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ កន្លងមកកោះនេះក៏ធ្លាប់មានមូលដ្ឋានយោធាជប៉ុន ចាប់តាំងពីឆ្នាំ 2016 មកម្ល៉ះ ។  រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បញ្ជាក់ថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយមធ្យម លើកោះ Yonaguni នឹងបង្កើនសន្តិសុខរបស់ជប៉ុន នេះបើតាម Aljazeera ។

លោក Peng Qingen អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន  បាន ឆ្លើយតបទៅនឹងគម្រោងនៃការដាក់ពង្រាយមីស៊ីលរបស់ជប៉ុន ថា ចិនមានឆន្ទៈរឹងមាំ តាំងចិត្តយ៉ាងមុតមាំ និងសមត្ថភាពដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិន ។ ចិននឹងកំទេចចោល មិនយល់មុខឡើយ ប្រសិនបើបរទេសណា ប្រហើនជ្រៀតជ្រែករឿងកោះតៃវ៉ាន់។ 

ចិនចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ប៉ុន្តែទីក្រុងប៉េកាំងមិនបានច្រានចោលព័ត៌មាន អំពើការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីគ្រប់គ្រងកោះតៃវ៉ាននេះឡើយ ។ ដោយឡែករដ្ឋាភិបាលកោះតៃវ៉ាន បដិសេធការចំពោះការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ហើយនិយាយថាមានតែប្រជាជនតៃវ៉ាន់ខ្លួនឯងនោះទេ ដែលអាចសម្រេចជោគវាសនា អនាគតរបស់ដែនកោះមួយនេះបាន ។

ក្រសួងការបរទេសចិនថា «ផែនការដាក់ពង្រាយអាវុធវាយលុករបស់ជប៉ុន ជាប់នឹងតំបន់ដែនកោះតៃវ៉ាន់របស់ចិន គឺសញ្ញាដែលមានគ្រោះថ្នាក់បំផុត ក្នុងចេតនាបង្កើតភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធា ។

លោក Koizumi បដិសេធថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនាំផ្លូវ Type 03 ជាការការពារខ្លួនប៉ុណ្ណោះ ក្នុងបំណងទប់ទល់នឹងយន្តហោះ រួមទាំងមីស៊ីលដែលឈ្លានពានជប៉ុន និងមិនមានបំណងវាយប្រហារប្រទេសដទៃទេ រឺក៏បង្កើនភាពតានតឹងក្នុងតំបន់ឡើយ ។

ប៉ុន្តែតៃវ៉ាន់ស្វាគមន៍ចំពោះការប្រកាសរបស់ជប៉ុនអំពីការបង្កើនសមត្ថភាពយោធានៅលើកោះយ៉ូណាហ្គូនី ដោយនិយាយថាវា "ជួយរក្សាសន្តិសុខ ក្នុងច្រកសមុទ្រតៃវ៉ាន់"។
អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ហ្វ្រង់ស្វ័រ វូ និយាយថា "ជាការពិតណាស់ ការដាក់ពង្រាយអាវុធនេះ មានប្រយោជន៍ដល់កោះតៃវ៉ាន ព្រោះជប៉ុនមិនមានគម្រោងចង់គ្រប់គ្រង់ទឹកដីរបស់តៃវ៉ាន់ឡើយ។   នៅថ្ងៃពុធនេះ ប្រធានាធិបតីតៃវ៉ាន់ លោក William Lai Ching-te ប្រកាសថា តៃវ៉ាន់នឹងដាក់ចេញថវិកាការពារជាតិបន្ថែម ៤០ ពាន់លានដុល្លារ ដើម្បីការពារខ្លួន ចំពោះការគំរាមកំហែងពីចិន៕