2025-11-27 14:30
5

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះថា របបយោធាមីយ៉ាន់ម៉ានឹងលើកលែងទោស ឬទម្លាក់ការចោទប្រកាន់លើមនុស្សសរុបចំនួន ៨,៦៦៥នាក់ ដោយអនុញ្ញាតឱ្យពួកគេបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Reuter ។

ដីកានេះនឹងរួមបញ្ចូលទាំងការកាត់បន្ថយទោសសម្រាប់មនុស្សចំនួន ៣.០៨៥ នាក់ទៀត ដែលត្រូវបានកាត់ទោស ធ្វើឡើងតាមមាត្រា ៥០៥A នៃក្រមព្រហ្មទណ្ឌ ដែលចាត់ទុកជាបទឧក្រិដ្ឋអាចបង្កឱ្យមានការភ័យខ្លាច ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ 

រីឯការចោទប្រកាន់លើមនុស្ស ៥,៥៨០ នាក់ផ្សេងទៀត ដែលជាចំនួនច្រើននោះ ក៏ត្រូវបានកាត់បន្ថយទោសផងដែរ។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើការដោះលែងនិងការកាត់បន្ថយអ្នកទោសពីសំណាក់យោធាមីយ៉ាន់ម៉ា នឹងធ្វើឡើងនៅថ្ងៃណានោះទេ។

ថ្លែងកាលពីថ្ងៃពុធ មុនពេលការលើកលែងទោសត្រូវបានប្រកាសជាផ្លូវការ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយថា វិធានការនេះត្រូវបានរៀបចំឡើងដើម្បីជួយអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតទាំងអស់ "ដោយសេរី និងយុត្តិធម៌" ក្នុងការបោះឆ្នោតនាពេលខាងមុខ។ ផ្ទុយទៅវិញ ចំពោះវិធានការរបស់យោធាមីយ៉ាន់ម៉ា ត្រូវបានប្រទេសលោកខាងលិច និងក្រុមសិទ្ធិមនុស្សមួយចំនួនបានច្រានចោលថា ជាការបោកប្រាស់ដែលបង្កើតឡើងដើម្បីបង្រួបបង្រួមការគ្រប់គ្រងដោយយោធាប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ មកម្ល៉េះ ក្នុងការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រី Aung San Suu Kyi ។ ក្រោយការឃុំខ្លួន លោកស្រី Aung San Suu Kyi ការតវ៉ាទូទាំងប្រទេសមីយ៉ាន់ម៉ាក៏បានផ្ទុះឡើង រហូតក្លាយទៅជាការតស៊ូប្រដាប់អាវុធរវាងជនស៊ីវិលនិងយោធាមីយ៉ាន់ម៉ា៕