2025-12-04 08:29
8

បន្ទាយមានជ័យ៖ មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានផ្តល់វឌ្ឍនភាពនៃការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន តាមបណ្តោយខ្សែព្រំដែន កម្ពុជា-ថៃ នៅចន្លោះបង្គោលលេខ ៤២-៤៧ កំពុងប្រព្រឹត្តទៅយ៉ាងរលូន និងជាប្រកបដោយវិជ្ជមាន។ ការងារនេះ អនុវត្តនៅតំបន់ភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។

ចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមវាស់វែងចម្រុះពីភាគីទាំងពីរ បានបន្តអនុវត្តការវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣។ គិតត្រឹមពេលនេះ បានបញ្ចប់ការដំណើរការបោះបង្គោលបណ្តោះអាសន្ន ចំនួន ៤៤ បង្គោល លើចំនួនសរុប ២៧៧ បង្គោលបណ្តោះអាសន្នតាមផែនការ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមចម្រុះកម្ពុជា-ថៃ បានបន្តការងារវាស់វែងលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនប្រវែងប្រមាណ ៧ គីឡូម៉ែត្រ រវាងបង្គោលលេខ ៤២-៤៣។ ក្រោយពេលបញ្ចប់ការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នាផ្តុំទិន្នន័យ និងរៀបចំផែនទីរូបថតរួចជាសម្រេច។
ការងារកំណត់ព្រំដែននេះ បង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរបស់កម្ពុជា និងថៃ ក្នុងការទប់ស្កាត់បញ្ហាជម្លោះព្រំដែន និងធានាសន្តិសុខតំបន់ព្រំដែន៕