2025-12-15 20:09
13

ព្រំដែន៖ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅតែបន្តមានភាពតានតឹងខ្លាំង ខណៈដែលកងកម្លាំងយោធាថៃ បានបន្តបើកការវាយប្រហារដោយសព្វាវុធធុនធ្ងន់ មកលើកងកម្លាំងកម្ពុជា នៅតំបន់យោធភូមិភាគទី៤ គិតចាប់ពីម៉ោង ០៤និង០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ១៧និង០០នាទី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាសសព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមិនរើសទីតាំងលើតំបន់ជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងហេដ្ឋចរនាសម្ព័ន្ធនានាជាច្រើន។
នៅយប់ថ្ងៃទី១៥ ខែធ្នូនេះ ក្រសួងការពារជាតិ បានចេញរបាយការណ៍ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅទិសយោធភូមិភាគទី៤  គិតចាប់ពីម៉ោង ០៤និង០០នាទីទៀបភ្លឺ  រហូតដល់ម៉ោង ១៧និង០០នាទី 
-  ម៉ោង ៤:៣០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់។
-  ម៉ោង ៤:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នារ។
-  ម៉ោង ៥:៤០នាទី យោធាថៃបានចល័តរថក្រោះនៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោងចូលភូមិ សាស្ត្រប្រាសាទតាមាន់ធំ។
-  ម៉ោង ៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។
-  ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របី។
-  ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោងតំបន់ប្រជា ពលរដ្ឋស៊ីវិល។ 
-  ម៉ោង ៨:៤០នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រប្រាសាទតាក្របី។
-  ម៉ោង ៩:១៨នាទី យោធាថៃចាប់ផ្តើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
-  ម៉ោង ១០:០៨នាទី និងម៉ោង ១០:១១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ ០២គ្រាប់ ក្បែរជំរំជនភៀសសឹក នៅភូមិសាស្ត្រស្ពានអូរជីក នៃព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្រសួងការពារជាតិ បានឱ្យដឹងទៀតថា ស្ថានការណ៍នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង ៤និង៣០នាទីព្រឹក រហូតដល់ម៉ោង ១៧និង៤០នាទីនេះ យោធាថៃបានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជា នៅភូមិសាស្ត្រក្នុងយោធភូមិភាគទី៤ រួមមាន៖ ថ្មដូន, ប្រាសាទតាមាន់ធំ, ជប់គគីរ, តាថាវ, តំបន់អានសេះ, គោល៨, បុស្សុស្បូវ-ជាំតែ, ភ្នំខ្មោច, ប្រាសាទតាក្របី, ប្រាសាទខ្នារ, អូរស្មាច់, ជប់អង្គុញ, ដំណាក់ស្តេច, ថ្មឆ័ត្រ និងប្រាសាទព្រះវិហារ រហូតមកដល់ពេលនេះមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕