2025-12-16 07:25
13

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ ជាន់ រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណា ដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង។ នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារ្យតកូនតចៅ»។ 

លោកបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងបែបនេះក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ។

លោកស្រីរដ្ឋមន្ត្រីបានថ្លែងទៀតថា «នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមកម្លាំងសាមគ្គីគ្នាជាកម្លាំងតែមួយ និងបន្តគាំទ្រជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃយើង»។ 

ក្នុងឱកាសនោះ លោកស្រីរដ្ឋរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកចូលរួមជួយ ខណៈប្រទេសយើងកំពុងជួបវិបត្តិឈ្លានពានផងនេះផងដែរ៕