ខណៈអាមេរិកកំពុងក្អក ចិនចាប់ផ្ដើមគ្រហឹម ដើម្បីជាសារដាស់តឿនស្មារតីថៃឲ្យងាកមកគោរពបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួសារជាថ្មី។ នៅតាមបន្ទាត់ព្រំដែន ដែលកំពុងដុតរោលដោយភ្លើងសង្គ្រាម ពេលនេះហាក់មានសភាពស្ងប់ស្ងាត់ខ្លះនៅតំបន់មួយចំនួន ក៏ប៉ុន្តែមិនមែនទាំងស្រុងនោះទេ ពោលគិតត្រឹមម៉ោង៩ព្រឹកនេះ យោធាថៃបន្ដបាញ់ផ្លោងចូលតំបន់ភ្នំខ្មោច និងអានសេះនៅឡើយ។
ក្រោយអាមេរិក ព្យាយាមលូកដៃម្ដងជាពីរដងដើម្បីព្យាយាមសង្កត់កថៃឲ្យបញ្ឈប់មហិច្ឆតាឈ្លានពានរបស់ខ្លួនលើកម្ពុជា ក្នុងកម្មវិធីមួយនៅសេតវិមាននាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ប្រធនាធិបតី ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងថា លោកបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨រួចមកហើយ ប៉ុន្តែមានសង្រ្គាមមួយកំពុងមានបញ្ហាបន្តិចបន្តួចគឺ រវាងថៃនិងកម្ពុជា ដែលកំពុងបង្ករឲ្យមានមនុស្សស្លាប់។ លោក ត្រាំ បន្តថា រឿងបែបនេះមិនគួរកើតឡើងទេ ប៉ុន្តែលោកនឹងដោះស្រាយវា។
យោងតាមសម្ដីរបស់បងធំអាមេរិករូបនេះ ហាក់ចង់បង្ហាញឲ្យឃើញថា ប្រសិនជាថៃនៅតែបន្តផ្គើនមួយលើកជាពីរលើកជាមួយនឹងការលូកដៃរបស់អាមេរិក ក្នុងបំណងចង់បញ្ចប់សង្គ្រាមដែលកំពុងតែដុតរោលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ តទៅទៀត នោះអាមេរិកនឹងមិនដកដៃ ព្រលែងឲ្យថៃបន្តក្អេងក្អាងតាមចិត្តទៀតបានឡើយ។ ខណៈប្រធានាធិបតី ដូណាល់ ជេ.ត្រាំ ធ្លាប់បានព្រមានរួចមកហើយថា កាលណាប្រទេសទាំងពីរនេះ នៅតែបន្តបាញ់គ្នាតទៅទៀត អាមេរិកនិងផ្អាកធ្វើពាណិជ្ជកម្ម រួមទាំងតំឡើងពន្ធលើប្រទេសទាំងពីរដោយគ្មានការលើកលែង។
ស្របនឹងការក្អកកាន់តែខ្លាំងឡើងពីសំណាក់អាមេរិក ការព្យាយាមពង្រីកទីតាំងសង្គ្រាមរបស់ថៃលើកម្ពុជាក៏កាន់តែធំឡើងដូចគ្នា ជាហេតុធ្វើឲ្យរង្គើទៅដល់មហាអំណាចចិន ដែលបានចេញមកគ្រហឹមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្ពុជា-ថៃ គួរតែអនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងយកចិត្តទុកដាក់អនុវត្តរាល់វិធានការណ៍ដែលអំណោយផលដល់ការបញ្ឈប់ការប្រយុទ្ធ និងបន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស។
គួរបញ្ជាក់ឲ្យដឹងថា ថៃបានបើកការបាញ់ប្រហារចូលអធិបតេយ្យភាពកម្ពុជាចំនួន៧ខេត្ត និងមានរយៈពេល១០ថ្ងៃហើយគិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ។
ម្យ៉ាងក្រោយការគម្រាមដោយប្រយោលពីប្រធានអាស៊ាន អាន់វ៉ា អ៊ីប្រាហ៊ីម ហាក់គ្មានប្រសិទ្ធភាពបង្ក្រាបឥទ្ធិពលឈ្លានរបស់យោធាថៃលើកម្ពុជាបាននោះ មហាអំណាចអាមេរិក និងចិនក៏ចាប់ផ្ដើមបញ្ចេញឫទ្ធិគ្រហឹមព្រមគ្នា ដើម្បីព្យាយាមបញ្ចប់ជម្លោះដែលកំពុងរាលដាលខ្លាំងរវាងកម្ពុជា-ថៃវិញម្ដង។
រងចាំមើលថាតើចរិតក្អេងក្អាង និងកោងកាចរបស់ថៃ តើបងធំមហាអំណាចមួយណាអាចបង្រ្កាបបាន?





