មីយ៉ាន់ម៉ា៖ ជាមួយនឹងសុខភាពមិនអំណោយផល រួមទាំងការខ្វះចន្លោះព័ត៌មានជុំវិញស្ថានការណ៍របស់អតីតមេដឹកនាំមីយ៉ានម៉ាគឺ លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួនជាយូរឆ្នាំណាស់មកហើយ បន្ទាប់ពីរបបយោធាក្នុងប្រទេសកំពុងក្ដោបក្ដាប់អំណាច ធ្វើឲ្យកូនប្រុសរបស់អតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះដាក់ការសង្ស័យថា លោកស្រី អ៊ុងសាន ស៊ូជី អាចនឹងបាត់បង់ជីវិត។ នេះបើតាម Japan Today។
លោក Kim Aris បានបង្ហាញការព្រួយបារម្ភទៅកាន់ Reuter ថា គាត់មិនបានឮដំណឹងពីម្តាយអាយុ ៨០ ឆ្នាំរបស់គាត់ទេ ក្នុងរយៈពេល២ឆ្នាំហើយ។ កូនប្រុសអតីតមេដឹកនាំរូបនេះ បន្តទាំងក្ដុកក្ដួលថា "សម្រាប់អ្វីដែលខ្ញុំដឹង គាត់អាចនឹងស្លាប់ទៅហើយ"។
សូមរំឭកឡើងវិញថា រដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តិទៅនៅអំឡុងពេលព្រឹកប្រលឹមនៃថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីមានការចាប់ឃាត់ខ្លួនទីប្រឹក្សារដ្ឋគឺ លោកស្រីអ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី វីន ម្យីន រួមទាំងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា។
ហើយច្រើនម៉ោងក្រោយមក កងយោធាមីយ៉ាន់ម៉ា ក៏បានធ្វើការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ ព្រមទាំងបានថ្លែងទៀតថា អំណាចដឹកនាំប្រទេសគឺត្រូវបានប្រគល់មកឱ្យអង្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺ លោក មីន អ៊ុងឡាំង។ រហូតមកដល់នច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុងស្ថិតក្រោមរបបយោធានៅឡើយ៕



