2025-12-20 12:39
7

ពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ កងយោធាថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ០៣ គ្រាប់ លើតំបន់សណ្ឋាគារ និងកាស៊ីណូ ជាប់ច្រកព្រំដែនជ័យជម្នះ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការវាយប្រហារនេះ បានបង្កការតានតឹងយ៉ាងខ្លាំង និងជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ច្រកព្រំដែនជ័យជម្នះ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពបានបានបញ្ជាក់ថា ចាប់ពីម៉ោង ១១និង០១នាទី រហូតដល់ម៉ោង ១១និង១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ចំនួន ០៣ គ្រាប់ មកលើទីតាំងសណ្ឋាគារកាស៊ីណូជាប់ច្រកព្រំដែនជ័យជំនះ។ 

ក្រសួងការពារជាតិចាត់ទុកថា សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕