កម្លំាំងឈ្លានពានសៀម កំពុងសម្រុកវ៉ៃបុកខ្លាំងនៅសមរភូមិមុខប្រាសាទព្រះវិហារ និងតាថាវ នៅវេលាម៉ោងជាង ៣រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ តែត្រូវបានកងកម្លាំងកម្ពុជាយើងតបតទៅវិញយ៉ាងចាស់ដៃ មិនឲ្យពួកខ្មាំងអាចចូលមកកាន់កាប់ទីតាំងឈរជើងរបស់យើងបាននោះទេ។ នេះបើតាមនាយកដ្ឋានព័ត៌មាន។
គួរឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកបំផ្លាញផ្ទះសម្បែង ទីតាំងជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជា។
លើសពីនេះ ទាហានឈ្លានពានសៀម ក៏បានបន្តប្រើប្រាស់យន្តហោះ F-16 ផ្ដាច់ស្ពានអូរជីក ស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ជាប់នឹងព្រំប្រទល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយ៖ លើកទី១ ម៉ោង ២២៖៥៥នាទី ចំនួន ១គ្រាប់, លើកទី២ ម៉ោង ២៣៖០០នាទី ចំនួន ១គ្រាប់ និងលើកទី៣ ម៉ោង ២៣៖១០នាទី ចំនួន ១គ្រាប់។ នេះបើតាមក្រសួងការពារជាតិ។
សូមបញ្ជាក់ឲ្យដឹងថា យោធាថៃបានបើកការវាយប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា នៅទីតាំងស្ពានអូរជីក ដែលនេះជាលើកទី២ហើយ ក្រោយការវាយប្រហារលើកទីមួយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ក៏ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះទីតាំងទម្លាក់គឺនៅក្បែរទីតាំងរបស់ជំរំជនភៀសសឹក និងជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕




