2025-12-21 10:21
5

ភ្នំពេញ៖ សកម្មភាពបំផ្លិចបំផ្លាញ និងឈ្លានពានរបស់យោធាថៃ មកលើដែលអធិបតេយ្យកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា “ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែឃោរឃៅ កាន់តែសាហាវទៅៗ ដែលជាអមនុស្សធម៌” ដែលជាអំពើរំលោភលើច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងជាសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរបំផុត។ 

នេះតាមការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្នុងទិសភូមិភាគទី៤ និងទិសភូមិភាគទី៥ គិតចាប់ពីម៉ោង ០៨និង០០នាទីព្រឹក រហូតដល់ម៉ោង ១៥និង០០នាទី ថ្ងៃទីសៅរ៍ ទី២០ ខែធ្នូ យោធាថៃ បន្តបាញ់ប្រហារមកលើកម្ពុជា ដោយប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិព្រៃចាន់ អូរបីជាន់ ភ្នំខ្មោច និងជាំតែ, បាញ់ផ្លោងកាំភ្លើង DK106 និងកាំភ្លើងធំផ្សេងទៀតចូលមកតំបន់ប្រាសាទព្រះវិហារ, យោធាថៃ ប្រើដ្រូនស៊ើបការខ្នាតធំហោះរំលោភចូលជ្រៅក្នុងដែនអាកាសកម្ពុជា ដល់ជើងភ្នំ១៥០០ និងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ ចំនួន ០៣ គ្រាប់លើអគាពាណិជ្ជកម្មឯកជន នៅច្រកជ័យជម្នះ ស្រុកវាលវែង និង បន្តទម្លាក់ ចំនួន ០២ គ្រាប់ទៀត កម្ទេចសាលាបឋមសិក្សាឃុំថ្មដា។

វេលាម៉ោងជិត ១៥នេះ យោធាថៃ បានប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងធំបំពាក់លើរថក្រោះបន្តបាញ់បុកមកលើកម្ពុជា ក្នុងភូមិសាស្ត្រ ភ្នំខ្មោច និងជាំតែ និងនៅវេលាម៉ោង ១៦និង០០នាទី យោធាថៃបាញ់ផ្លោងកាំភ្លើង DK106 និងកាំភ្លើងធំផ្សេងទៀតចូលមកតំបន់ប្រាសាទព្រះវិហារ។ 

ចំពោះស្ថានការណ៍នៅភូមិសាស្ត្រផ្សេងៗទៀតមានសភាពស្ងប់ស្ងាត់ កងកម្លាំងកម្ពុជាបន្តឈរជើងយ៉ាងរឹងមាំ តាមដានដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងទៀតថា ស្ថានការណ៍ជួរមុខទិសភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់ យោធាថៃ បន្តបាញ់មកលើកម្ពុជា ចាប់តាំងពីម៉ោង ០៨និង០០នាទីព្រឹក រហូតដល់ម៉ោង ១៥និង០០នាទី ថ្ងៃទី២០ ធ្នូនេះ។ នៅវេលាម៉ោង ០៨និង១៣នាទីយោធាថៃ បាញ់ផ្លោងចូលភូមិព្រៃចាន់។ នៅវេលាម៉ោង ០៩និង២៥នាទី បានប្រើប្រាស់ដ្រូចខ្នាតធំបានហោះចូលដល់ជ្រៅដល់ជើងភ្នំ១៥០០ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។

ចាប់ពីម៉ោង០៩និង៣០នាទី ដល់ម៉ោង ១១និង៣០នាទី យោធាថៃ បន្តបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រភូមិបឹងត្រកួន ចំនួន ០២ លើក។ នៅម៉ោង ១០និង៣០នាទី យោធាថៃ បានប្រើប្រាស់ដ្រូនស៊ើបការណ៍រំលោភចូលដែនអាកាសរបស់កម្ពុជាក្នុងភូមិសាស្ត្រឃុំថ្មដា។ នៅម៉ោង ១១និង០១នាទី ដល់ម៉ោង ១១និង១៦នាទី យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 មកលើទីតាំងអគារពាណិជ្ជកម្មឯកជនមួយកន្លែង នៅច្រកព្រំដែនជ័យជម្នះ និងនៅវេលាម៉ោងដដែលនោះ យោធាថៃ បន្តប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក ចំនួន ០២ គ្រាប់បន្ថែមទៀត កម្ទេចសាលាបឋមសិក្សាក្នុងឃុំថ្មដា ស្រុកវាលវែង និងបាញ់ផ្លោងកាំភ្លើងធំ ១៥៥មម ចូលទីប្រជុំជនស្រុកស្វាយចេក ខេត្តបន្ទាយជ័យ។

អ្នកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា យោធាកម្ពុជាវាយការពារាខ្លួនសំដៅផ្តោតតែលើទីតាំងរបស់យោធាថៃតែប៉ុណ្ណោះ មិនសំដៅកន្លែងជនស៊ីវិលរស់នៅ ឬតំបន់ជនស៊ីវិលមួយណាឡើយ។ ប៉ុន្តែភាគីថៃបានវាយប្រហារមកលើទីតាំងជនស៊ីវិលកម្ពុជា បានធ្វើឱ្យពលរដ្ឋជាជនស៊ីវិលបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ បង្កឱ្យខូចខាតទីតាំងជនស៊ីវិល ទីតាំងសាធារណៈ រួមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល កន្លែងសាធារណៈនានាជាច្រើនរាប់មិនអស់។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា «សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។»៕