2025-12-21 11:53
2

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសព័ត៌មានផ្លូវការថា គិតចាប់ពីថ្ងៃទី០៧ ខែធ្នូ រហូតដល់ម៉ោង ០៧ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់ ១៩ នាក់ របួស ៧៩ នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាន និងខេត្តផ្សេងៗទៀត។ 

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតពីម៉ោង ០៦ល្ងាច ថ្ងៃទី២០ ខែធ្នូ រហូតដល់ម៉ោង ០៧ព្រឹក ថ្ងៃទី២១ ខែធ្នូ ផលប៉ះពាល់នៃអំពើឈ្លានពានារបស់យោធាថៃ ពុំមានពលរដ្ឋស្លាប់ និងរបួសទេ និងមានជនភៀសសឹកសរុប ៥១៨.៦៥១នាក់ ក្នុងនោះ ស្ត្រី ២៧០.១៣៣ នាក់ និងកុមារ ១៦៥.៣៨៥នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។

ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល និងការខូចខាតជាអាទិ៍ គិតពីថ្ងៃទី០៧ ខែធ្នូមក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ ៧៦ ខ្នង សាលារៀន ០៥ ទីតាំង មណ្ឌលសុខភាព ០១ ទីតាំង ផ្សារ ០១ កន្លែង ប្រាសាទបុរាណមួយចំនួន វត្តអារាម ០៥ ទីតាំង សាលាឆទាន ០១ ទីតាំង កុដិព្រះសង្ឃ ០១ ទីតាំង អគារការិយាល័យគយ និងរដ្ឋាករ ០១ អគារ អគារឯកជន ០៩ ទីតាំង សណ្ឋាគារ ០៣ ទីតាំង មណ្ឌលកសិកម្មសហគមន៍ ០១ ទីតាំង ស្ពានថ្ម ០២ កន្លែង ស្ពានដែក ០១ ស្ពានបុរាណ ០១ កន្លែង ក្បាលស្ពាន ០១ កន្លែង ស្ថានីយ៍ប្រេង ០១ ទីតាំង មធ្យោបាយ ដឹកជញ្ជូន ២៨ គ្រឿង ឃ្លាំងរថយន្ត ១ និងឃ្លាំងទិញដំឡូង ០១ ទីតាំង។ 

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមទាំង ស្ត្រី និងកុមារ កំពុងរងទុក្ខលំបាក បន្ទាប់ពីបង្ខំចិត្តចាកចោលផ្ទះសំបែង និងសាលារៀន គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ F-16 របស់ថៃ ដែលបំផ្លាញផ្ទះសំបែង និងភូមិករពួកគាត់ជា បន្តបន្ទាប់រួចទៅហើយ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបញ្ជាក់ជំហរចំពោះប្រេសិតពិសេសចិន អំពីសុច្ឆន្ទៈរបស់កម្ពុជា គាំទ្ររាល់កិច្ចអន្តរាគមន៍ ពីមិត្តភក្តិបរទេស និងសហគមន៍អន្តរជាតិ ដោះស្រាយអរិភាពជាមួយប្រទេសថៃ ដោយសន្តិវិធីស្របច្បាប់អន្តរជាតិ ជាពិសេសការស្តារសន្តិភាពឡើងវិញ ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរបានរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ ដូចដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ និងអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ចាប់តាំងពីចូលជាធរមាន ផ្ទុយពីភាគីថៃ ដែលតែងតែបង្កើតលេសរំលោភសេចក្តីប្រកាសរួមស្តីពីសន្តិភាព កម្ពុជា-ថៃ និងល្មើសច្បាប់អន្តរជាតិ ចិញ្ចឹមចលនាយោធាឈ្លានពានកម្ពុជា។


ក្រសួងមហាផ្ទៃ មានមោទនភាពចំពោះកូនខ្មែរគ្រប់រូប ដែលវេញស្មារតី ប្រកៀកស្មាគាំទ្រយុទ្ធសាស្រ្តការពារជាតិរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត។ មហាកម្លាំងសាមគ្គីនេះ បានផ្តល់ថាមពលដ៏មហិមាជូនកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ និងនគរបាលការពារព្រំដែន នៃក្រសួងមហាផ្ទៃ ដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី ប្រកបដោយភាព អង់អាចក្លាហាន ឈរជើងរឹងមាំ ម្ចាស់ការ និងមានម្រេចឈរជើងរឹងមាំ ម្ចាស់ការ និងមានប្រៀបឈ្នះគ្រប់គោលដៅសមរភូមិ៕