ម៉ាឡេស៊ី៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូនេះ បានបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមផ្លូវការថា “កិច្ចពិភាក្សារវាងកម្ពុជា និងថៃ គឺជាជំហានសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងថែរក្សាសន្តិភាពក្នុងតំបន់”។
ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា៖ “ខ្ញុំបានមានឱកាសជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដើម្បីផ្លាស់ប្តូរមតិ និងពិភាក្សាផ្លូវដ៏សមស្រប ក្នុងការកាត់បន្ថយភាពតានតឹងដែលកើតឡើងរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនេះ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា សារៈសំខាន់សម្រាប់កម្ពុជា និងថៃ គឺត្រូវប្តេជ្ញាចិត្តខ្ពស់ក្នុងការពិភាក្សា ការប្រើប្រាស់ប្រាជ្ញា និងការគោរពគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង និងថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់”។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបន្ថែមថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក គឺជាវេទិកាដ៏សមស្រប និងមានសារៈប្រយោជន៍សម្រាប់អនុញ្ញាតឱ្យប្រទេសទាំងពីរបើកចំហក្នុងការពិភាក្សា ដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដែលមានយុត្តិធម៌ និងមានភាពចីរភាព។
កិច្ចពិភាក្សានេះ ត្រូវបានគេឃើញថាជាការបង្ហាញពីតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជំរុញឱ្យមានការសហការណ៍ និងការជឿជាក់រវាងប្រទេសជិតខាង ដើម្បីធានាថាសន្តិភាព និងស្ថិរភាពនៃតំបន់ត្រូវបានថែរក្សាឱ្យបានរឹងមាំ៕



