2025-12-26 09:41
11

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃសុក្រ ទី២៦ ខែធ្នូនេះ គឺជាថ្ងៃទី១៥០ ហើយ ដែលវីរកងទ័ពកម្ពុជា ចំនួន ១៨ រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ដោយខុសច្បាប់ ដោយបទឈប់បាញ់ចូលជាធរមាន។ ក្រុមគ្រួសារ ប្រពន្ធ កូន បងប្អូន និងសាច់ញាតិរបស់ពួកគេកំពុងទន្ទឹងរងចាំមើលផ្លូវទាំងអន្ទះសារ នៃការវិលត្រឡប់មកវិញ ដើម្បីបានជួបជុំគ្នាផ្តល់ភាពកក់ក្តៅ។

កម្ពុជា បន្តអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់ របស់កម្ពុជា ជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ 

អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ផងដែរថា “រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ 

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕