2025-12-28 10:08
4

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀង “បទឈប់បាញ់បន្ទាន់” រវាងកម្ពុជា និងថៃ ដែលបានឯកភាពគ្នា នៅថ្ងៃទី២៧ ខែធ្នូ ខណៈដែលភាពតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរ បានបណ្តាលឲ្យមានការបាត់បង់ជីវិត និងការខូចខាតស៊ីវិលក្នុងរយៈពេលកន្លងមក។

ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ត្រូវបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសកម្ពុជា និងថៃ ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ។

ជប៉ុន បានអះអាងថា ខ្លួនសូមស្វាគមន៍យ៉ាងខ្លាំងចំពោះការប្រកាសបទឈប់បាញ់ជាបន្ទាន់នេះ និងសង្ឃឹមថា “កិច្ចព្រមព្រៀងនឹងត្រូវបានអនុវត្តយ៉ាងពិតប្រាកដ និងមានប្រសិទ្ធភាព ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការកាត់បន្ថយភាពតានតឹង និងការស្តារស្ថិរភាពឡើងវិញនៅតំបន់ព្រំដែន”។

សេចក្តីថ្លែងការណ៍បានរំលឹកថា កាលពីដើមខែនេះ ការប៉ះទង្គិចយោធារវាងប្រទេសទាំងពីរ បានកើនឡើងម្តងទៀត បណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករងរបួស រួមទាំងជនស៊ីវិល ព្រមទាំងការភៀសសឹករបស់ប្រជាពលរដ្ឋជាច្រើន និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសទាំងពីរ។

ក្នុងបរិបទនេះ សហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុន បានអំពាវនាវឲ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា និងយន្តការការទូត។

ជប៉ុន ក៏បានបញ្ជាក់ពីបំណងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន រួមទាំងសកម្មភាពការទូត ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង និងគាំទ្រការអនុវត្តបទឈប់បាញ់នេះ ដោយសហការជាមួយប្រទេសពាក់ព័ន្ធ រួមមានសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន។

រដ្ឋាភិបាលជប៉ុន បានសន្និដ្ឋានថា ការអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ នឹងជាគន្លឹះសំខាន់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពរយៈពេលវែង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕