ភ្នំពេញ៖ ប្រមុខក្រសួងការពារជាតិកម្ពុជា បានប្រកាសថា កម្ពុជា និងថៃ បានឯកភាពគ្នាអនុវត្ត «បទឈប់បាញ់» ជាផ្លូវការ ដែលចូលជាធរមានចាប់ពីម៉ោង ១២និង០០នាទីថ្ងៃត្រង់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee – GBC) រវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោក បានបង្ហាញសេចក្តីសង្ឃឹមថា “ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៥ ឈានចូលឆ្នាំ២០២៦ ខាងមុខ ប្រជាពលរដ្ឋកម្ពុជា និងថៃ នឹងទទួលបានសុខសន្តិភាព សុវត្ថិភាព និងសេចក្តីសុខ ប្រកបដោយបរិយាកាសនៃការរួមរស់ដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមក។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ដោយមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ដើម្បីធានាឲ្យការអនុវត្តបទឈប់បាញ់ ប្រព្រឹត្តទៅដោយមានតម្លាភាព និងប្រសិទ្ធភាព។
ប្រមុខក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពិសេសនេះ ដោយមានភាពស្មោះត្រង់ គោរពបទឈប់បាញ់ និងធ្វើការរួមគ្នា ដើម្បីធានាសុខសន្តិភាព សុវត្ថិភាព របស់កងទ័ព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
លោកបានគូសបញ្ជាក់ថា ការអនុវត្តបទឈប់បាញ់នេះ គឺជាជំហានសំខាន់មួយ ក្នុងការស្តារជំនឿទុកចិត្ត និងជំរុញការវិលត្រឡប់ទៅកាន់ប្រក្រតីភាពឡើងវិញ តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
នៅចុងបញ្ចប់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបង្ហាញសេចក្តីសង្ឃឹមថា ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៥ ឈានចូលឆ្នាំ២០២៦ ខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជា និងថៃ នឹងទទួលបានសុខសន្តិភាព សុវត្ថិភាព និងសេចក្តីសុខ ដោយមានបរិយាកាសនៃការរួមរស់ដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមក៕




