2026-01-01 14:00
23

ភ្នំពេញ៖ អ្នកវិនិយោគ និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន វ៉ាយវ៉ាយ ឃែភីថល ផាតនើរ ខូ អិលធីឌី (YY Capital Partners Co., Ltd.) បានដាក់លិខិតស្នើសុំអន្តរាគមន៍ចំនួនពីរដាច់ដោយឡែកពីគ្នា ដើម្បីស្វែងរកយុត្តិធម៌ ក្នុងករណីចោទប្រកាន់បុគ្គលឈ្មោះ YAMADA TAIHEI ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនពាក់ព័ន្ធនឹងអំពើកិបកេង គៃបំបាត់ និងរំលោភលើទំនុកចិត្ត ក្នុងដំណើរការអាជីវកម្ម។

យោងតាមលិខិតស្នើសុំមួយ ដែលបានដាក់ជូន ក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា ជនរងគ្រោះបានស្នើសុំ​ការគាំទ្រ ដើម្បីធានាដល់ដំណើរការផ្តល់យុត្តិធម៌ បន្ទាប់ពីអះអាងថា «ខ្លួនត្រូវបានប្រធានក្រុមប្រឹក្សាភិបាលនាពេលបច្ចុប្បន្ន គឺលោក YAMADA TAIHEI ដែលជាជនជាតិជប៉ុនដូចគ្នា ប្រើអំណាច និងតួនាទីក្នុងក្រុមហ៊ុន ដើម្បីកេងចំណេញផ្ទាល់ខ្លួន និងបក្ខពួក»

នៅក្នុងលិខិតស្នើសុំអន្តរាគមន៍ដែលបណ្តាញព័ត៌មានក្នុងស្រុកទទួលបានបានរៀបរាប់អំពីដំណើររឿងនៃការកិប​កេង គៃបំបាត់ និងរំលោភលើទំនុកចិត្តនេះ កើតចេញពីការប្រើប្រាស់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលរបស់ លោក YAMADA TAIHEI ក្នុងការបំប៉ោងតួលេខតម្លៃទិញអចលនទ្រព្យជាច្រើនកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្តោះអាសន្នត្រូវបានរកឃើញថា មានទឹកប្រាក់ប្រមាណ ៤ (បួន) លានដុល្លារអាមេរិក ត្រូវបានកេងចំណេញ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។ លោក YAMADA TAIHEI ក៏បានធ្វើការសម្រេចចិត្តដោយបំពានតួនាទី និងសិទ្ធិរបស់ម្ចាស់ភាគហ៊ុនផ្សេងទៀត ក្នុងការបង្កើតប្រតិបត្តិការអាជីវកម្ម មិនពិតប្រាកដមួយចំនួនទៀត ដូចជា ករណី កម្ចីក្នុងទឹកប្រាក់ ជាង ៧ (ប្រាំពីរ) លានដុល្លារអាមេរិក ដោយប្រើឈ្មោះក្រុមហ៊ុនជប៉ុនល្បីៗ ដើម្បីបោកបញ្ឆោតជនរងគ្រោះ ការក្លែងឯកសារ រួមទាំងការបង្វែរសាច់ប្រាក់មិនប្រ​ក្រតីមួយចំនួនធំទៀត ជាមួយបណ្តាក្រុមហ៊ុនសំបក (Shell Company) ជាច្រើន ដែលត្រូវបានបង្កើតឡើងដោយលោក YAMADA TAIHEI និងគូកន ដែលនេះអាចជាប់ពាក់ព័ន្ធនឹងករណីសំអាតប្រាក់ ដែលបានមកពីការកិបកេង និងបទល្មើសមួយចំនួនទៀត។ 

ជាក់ស្ដែងមានគេរកឃើញថា ទឹកប្រាក់មួយផ្នែកដែលលោក YAMADA TAIHEI បានកិបកេង ត្រូវបានផ្ទេរទៅកាន់គណនីធនាគារមួយនៅក្រៅប្រទេសកម្ពុជា ដែលកាន់កាប់ដោយប្រពន្ធជនជាតិចិន របស់លោក ឈ្មោះ YE JUN ។ ជាមួយគ្នានេះផងដែរ បុគ្គលឈ្មោះ YAMADA TAIHEI ត្រូវបានសង្ស័យថា បានបង្កើតក្រុមហ៊ុនសំបកជាច្រើន នៅប្រទេសម៉ាឡេស៊ី សិង្ហបុរី ជប៉ុន រួមទាំងប្រទេសកម្ពុជាផងដែរ ដោយជ្រើសរើសបុគ្គលមួយចំនួនមកឈរឈ្មោះឱ្យ (មិនប្រើប្រាស់ឈ្មោះខ្លួនឯង) ប៉ុន្តែរាល់គណនីធនាគារ និងប្រតិបត្តិការផ្ទេរប្រាក់នៃបណ្តាក្រុមហ៊ុនទាំងនោះ ត្រូវបានគ្រប់គ្រង និងចាត់ចែងដោយបុគ្គល YAMADA TAIHEI ខ្លួនឯងផ្ទាល់។

នៅប្រទេសកម្ពុជា លោក YAMADA TAIHEI រួមជាមួយនឹងបក្ខពួក ត្រូវបានចោទប្រកាន់ដោយតំណាងអយ្យការ ក្នុងសំណុំរឿងព្រហ្មទណ្ឌយ៉ាងតិចចំនួនពីរផ្សេងគ្នា ហើយទ្រព្យសម្បត្តិ និងគណនីធនាគារជាច្រើនត្រូវបានបង្កកដោយដីការបស់តុលាការ និងមានសំណុំរឿងមួយចំនួនទៀតកំពុងបើកការស៊ើបអង្កេត។ បន្ថែមពីនេះ អាជ្ញាធរមានសមត្ថកិច្ច និងយុត្តាធិការនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ីមួយចំនួនដូចជា ចិន ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និងសហរដ្ឋអាមេរិក ក៏កំពុងធ្វើការស្រាវជ្រាវលើករណីបុគ្គលឈ្មោះ YAMADA TAIHEI ពាក់ព័ន្ធនឹងការកិបកេងហិរញ្ញវត្ថុ ការបង្វែរសាច់ប្រាក់ដែលមានប្រភពមិនច្បាស់លាស់ ការក្លែងឯកសារ និងករណីរំលោភលើទំនុកចិត្ត រួមទាំងសំណុំរឿងសំអាតប្រាក់ផងដែរ។

តាមរយៈលិខិតស្នើសុំអន្តរាគមន៍ និងស្នើសុំការគាំទ្រឱ្យមានយុត្តិធម៌របស់ជនរងគ្រោះដែលបានផ្ញើជូនក្រសួងយុត្តិធម៌ នៃប្រទេសកម្ពុជា ជនរងគ្រោះសង្ឃឹមថា ស្ថាប័នមានសមត្ថកិច្ច ជាពិសេសស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់នៃប្រទេសកម្ពុជានឹងធ្វើការស៊ើបអង្កេតដោយយកចិត្តទុកដាក់ បំពេញនូវគ្រប់កិច្ចស៊ើបសួរ សំដៅធានាដល់ការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ហើយត្រូវប្រាកដថា ជនល្មើសនឹងត្រូវបានផ្តន្ទាទោសឱ្យបានសមស្រប។ 

ការស្នើសុំអន្តរាគមន៍ខាងលើនេះ បានកើតឡើង នៅពេលដែលជនរងគ្រោះមានការបារម្ភអំពីការអន្តរាគមន៍ជួយដល់បុគ្គល YAMADA TAIHEI ដោយខុសច្បាប់ពីសំណាក់អ្នកមាន ឥទ្ធិពលមួយចំនួន រួមទាំងអ្នកអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ក្នុងប្រទេសកម្ពុជាផងដែរ ដែលផ្តល់ឱកាសដល់បុគ្គលជាជនត្រូវចោទនេះ រួមទាំងបក្ខពួក រត់គេចខ្លួនពីចំណាត់ការផ្លូវច្បាប់ អាចធ្វើការគំរាមកំហែងសាក្សី និងបំផ្លាញភស្តុតាង ជាដើម។ 

ក្តីសង្ឃឹមរបស់ជនរងគ្រោះចំពោះក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា ក្នុងការស្វែងរក និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ ស្របតាមនីតិវិធីច្បាប់ជាធរមាន គឺជាការការពារ និងផ្តល់នូវទំនុកចិត្តដល់បណ្តាវិនិយោគិនសុច្ចរិត ក៏ដូចជារួមចំណែកក្នុងការលុបបំបាត់នូវការបំពានច្បាប់ពីសំណាក់ បុគ្គលខិលខូចមួយចំនួនដែលជ្រកក្រោមឈ្មោះអ្នកវិនិយោគ ។ 

គួរបញ្ជាក់ផងដែរថា បុគ្គលឈ្មោះ YAMADA TAIHEI គឺជានិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ University of California, Berkeley និងជាអតីតបុគ្គលិកធនាគារ Norinchukin Bank នៃប្រទេសជប៉ុន។ បច្ចុប្បន្ន លោកក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុនមួយក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា Amara Capital Plc. ព្រមទាំងធ្លាប់ត្រូវបានចុះផ្សាយក្នុងកាសែត Los Angeles Times ផងដែរ។ 

លើសពីនេះទៅទៀត បុគ្គលនេះ ក៏ជាអ្នកដែលមានបទពិសោធន៍លើវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រងមូលធនសម្រាប់អ្នកវិនិយោគ ដែលជាហេតុធ្វើឱ្យអ្នកវិនិយោគជាច្រើន មានការទុកចិត្តលើបុគ្គលរូបនេះ ប៉ុន្តែចុងក្រោយ រូបគាត់បែរជាប្រព្រឹត្តនូវអំពើកិបកេង គៃបំបាត់ និងរំលោភលើទំនុកចិត្តចំពោះអ្នកបណ្តាក់ទុន ដែលបានផ្តល់សេចក្តីទុកចិត្តលើរូបគាត់ទៅវិញ។

ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ អង្គភាពយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក YAMADA TAIHEI ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YY Capital Partners Co., Ltd. បានឡើយ។ ក្រុមការងារអង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធក្នុងរឿងខាងលើនេះគ្រប់ម៉ោងធ្វើការ៕