2026-01-01 15:03
9

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានអញ្ជើញចុះពិនិត្យមើលកន្លែងទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រមទាំងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលកំពុងបំ​ពេញភារកិច្ចនៅថ្ងៃឈប់សម្រាក ទិវាចូលឆ្នាំសកល។

ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃ អ.ប.ព. បានឱ្យដឹងថា គិតត្រឹមម៉ោង ១១ថ្ងៃត្រង់ នាថ្ងៃដដែលនេះ មានក្រសួង-ខេត្ត ចំនួន ០២ រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង ខេត្តមណ្ឌលគិរី បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលបានគ្រប់ ១០០% លឿនជាងការគ្រោងទុក។

លទ្ធផលខាងលើនេះ បានជំរុញឱ្យវឌ្ឍនភាពនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស សម្រេចបានចំនួន ៦,៩០២ រូប ស្មើនឹង ៣៤.៧២% នៃចំនួនមន្ត្រីជាប់កាតព្វកិច្ចត្រូវប្រកាសសរុប ១៩,៨៨៧ រូប។

អង្គភាពប្រឆាំងអំពើពុករលួយ បានអំពាវនាវឱ្យមន្ត្រី និងបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់ អញ្ជើញមកបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានរួសរាន់ ស្របតាមច្បាប់កំណត់ ពេញមួយខែមករា ឆ្នាំ២០២៦ ដោយអាចមកប្រកាសបានរៀងរាល់ថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃបុណ្យឡើយ។

ដោយឡែក ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងជាប់ភារកិច្ចនៅសមរភូមិមុខ និងជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល (ចាប់ពីថ្នាក់វរៈសេនីយ៍ឯកឡើង) អង្គភាពប្រឆាំងអំពើពុករលួយ អនុញ្ញាតឱ្យពន្យារពេលការប្រកាស ដោយគ្មានការកំណត់ពេលវេលាជាក់លាក់។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានចាត់ទុកថា ជាយន្តការសំខាន់មួយ ក្នុងការលើកកម្ពស់តម្លាភាព សុចរិតភាព និងការបង្កើនទំនុកចិត្តសាធារណៈ ចំពោះស្ថាប័នរដ្ឋ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា៕