2026-01-01 20:15
4

ភ្នំពេញ៖ អង្គការអន្តរជាតិ និងប្រទេសមហាអំណាចជាច្រើន រួមមាន ICRC សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប បារាំង អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន និងតួកគី បានបញ្ចេញប្រតិកម្មស្វាគមន៍ចំពោះការដោះលែងយោធិនកម្ពុជា ចំនួន ១៨ នាក់។ ភាគីអន្តរជាតិទាំងនេះ ចាត់ទុកព្រឹត្តិការណ៍នេះថា ជាជំហានវិជ្ជមាន និងសំខាន់ ក្នុងការពង្រឹងបទឈប់បាញ់ ការកសាងទំនុកចិត្តឡើងវិញ និងការលើកកម្ពស់សន្តិភាពយូរអង្វែង រវាងកម្ពុជា និងថៃ ខណៈដែលភាគីទាំងពីរត្រូវបានលើកទឹកចិត្តឱ្យបន្តគោរព និងអនុវត្តការប្តេជ្ញាចិត្តដែលបានព្រមព្រៀងគ្នាកន្លងមក។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ក្នុងនាមជាអ្នកសង្កេតការណ៍មនុស្សធម៌អព្យាក្រឹត បានសម្តែងការគាំទ្រចំពោះការដោះលែង និងការធ្វើមាតុភូមិនិវត្តន៍ យោធិនកម្ពុជា ចំនួន ១៨ នាក់ ដោយចាត់ទុកព្រឹត្តិការណ៍នេះ ថាបានអនុញ្ញាតឱ្យពួកគេជួបក្រុមគ្រួសារឡើងវិញ និងជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយការប្តេជ្ញាចិត្តដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមឱ្យទៅជាសកម្មភាពជាក់ស្តែង។

សហរដ្ឋអាម៉េរិក បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងថៃ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ចំពោះសន្តិភាពយូរអង្វែង តាមរយៈការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ និងចាត់ទុកជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ។ សហរដ្ឋអាម៉េរិក ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងថៃ ក្នុងការបន្តអនុវត្តវិធានការសំខាន់ៗ ដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។

សហភាពអឺរ៉ុប ក៏ចាត់ទុក ការដោះលែងយោធិនកម្ពុជា ចំនួន ១៨ នាក់ ថាជាការវិវត្តដ៏គួរឱ្យរីករាយ និងជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងថៃ។ សហភាពអឺរ៉ុប ក៏បានអំពាវនាវឱ្យបន្តអនុវត្តប្រកបដោយសុឆន្ទៈនូវរាល់ការប្តេជ្ញាចិត្ត ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។

ប្រទេសបារាំង ស្វាគមន៍ការដោះលែងយោធិនកម្ពុជាទាំង ១៨ រូប ដោយចាត់ទុក ព្រឹត្តិការណ៍នេះថា បានឆ្លុះបញ្ចាំងឱ្យឃើញដំណាក់កាលសំខាន់មួយក្នុងការដាក់ឱ្យដំណើរការបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ដើម្បីពង្រឹងបទឈប់បាញ់ និងធានាការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡាំពួរដែលចុះហត្ថលេខាថ្ងៃទី២៦ ខែតុលាកន្លងទៅ ប្រទេសបារំាង ជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ក៏ដូចជាគោរពការប្តេជ្ញាចិត្តជាអន្តរជាតិនានាដែលប្រទេសទាំងពីរបានធ្វើឡើងកាលពីពេលកន្លងទៅ។ 

ចក្រភពអង់គ្លេ សម្តែងសេចក្តីសោមនស្សរីករាយដែលប្រទេសកម្ពុជាបានស្វាគមន៍យោធិនរបស់ខ្លួនត្រឡប់មកផ្ទះវិញនិងចាត់ទុកថានេះជាការវិវឌ្ឍវិជ្ជមានមួយ។ ចក្រភពអង់គ្លេសបន្តលើកទឹកចិត្តដល់ប្រទេសកម្ពុជា និងថៃឱ្យចាត់វិធានការបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរ និងដើម្បីកសាងសន្តិភាពយូរអង្វែង។

ប្រទេសអូស្រា្តលី ចាត់ទុកការដោះលែងយោធិនកម្ពុជាដែលជាប់ឃុំទាំង ១៨ នាក់ ថាជាជំហានវិជ្ជមានមួយ ដែលនឹងជួយស្ដារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជានិងថៃ។ អូស្ត្រាលីជំរុញឱ្យភាគីទាំងពីរបន្តគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយគូសបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា

ប្រទេសអាល្លឺម៉ង់ បានស្វាគមន៍ចំពោះការដោះលែងទាហាន ១៨ រូប ដោយចាត់ទុកជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដែលកាន់តែរឹងមាំ។ ការវិវឌ្ឍនេះក៏បង្ហាញពីការផ្លាស់ប្តូរវិជ្ជមាន និងបង្កើតឱកាស ដើម្បីកសាងទំនុកចិត្តឡើងវិញ។ ប្រទេសអាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែង។

ប្រទេសជប៉ុន ស្វាគមន៍ចំពោះការដោះលែងយោធិនកម្ពុជាទាំង ១៨ នាក់ ដោយសង្ឃឹមថា បទឈប់បាញ់នឹងត្រូវបានរក្សា ហើយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត។

ប្រទេសទួកគី តួកគីបានស្វាគមន៍ការដោះលែងយោធិនកម្ពុជាទាំង ១៨ នាក់ ហើយចាត់ទុកថានេះជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដ៏រឹងមាំ ដែលនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាព៕