ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា យោធិនកម្ពុជាទាំង ១៨ រូប ដែលត្រូវបានដោះលែងពីភាគីថៃ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្ពស់ពីព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូល និងប្រជាពលរដ្ឋទូទៅ។ ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទានឱ្យយោធិនទាំងអស់ចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជអំណោយ ខណៈថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាល និងស្វាគមន៍យ៉ាងកក់ក្តៅ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឱ្យវីរកងទ័ពទាំង ១៨ រូប ចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជអំណោយនៅក្នុងព្រះបរមរាជវាំង។ នៅព្រឹកមិញនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានទទួលជួបសំណេះសំណាលជាមួយយោធិនទាំង១៨នាក់និងក្រុមគ្រួសាររបស់ពួកគេនៅឯវិមាន៧មករា។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំងពេលបានឃើញយោធិនទាំង ១៨ នាក់ បានវិលត្រឡប់មកដល់ប្រទេសវិញ ជាពិសេសពេលសម្តេចបានឃើញកម្លាំងសាមគ្គីដ៏ធំបំផុតរបស់ប្រជាពលរដ្ឋដែលបានស្វាគមន៍យោធិនទាំង១៨នាក់ ក៏ដូចជាស្មារតីសាមគ្គីដ៏ធំធេងរបស់ប្រជាពលរដ្ឋខ្មែរជាមួយវីរកងទ័ពនៅជួរមុខ។
កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ គ្រាន់តែពួកគេបានមកដល់រាជធានីភ្នំពេញភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត ក៏បានទទួលស្វាគមន៍យោធិនទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេយ៉ាងរាក់ទាក់កក់ក្តៅបំផុតនៅឯវិមានសន្តិភាព។
សម្រាប់យោធិនទាំង ១៨ រូប ដែលត្រូវបានទាហានថៃចាប់ឃុំខ្លួនអស់រយៈពេល ១៥៥ ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ទោះជាយូរបន្តិចមែន ប៉ុន្តែ យើងមិនដែលភ្លេចបងប្អូនទេ”។ សម្តេចក៏បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចសំខាន់ ៣ ចំពោះយោធិនទាំងនោះគឺ៖ “ការធានាអាយុជីវិត, ធានាសុខសុវត្ថិភាព និងការស្វែងរកសេរីភាពជូនបងប្អូន”។ ទីបំផុត កាតព្វកិច្ចទាំងបីក៏បានសម្រេចដូចការគ្រោងទុកបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងតាមគ្រប់លទ្ធភាពរបស់រាជរដ្ឋាភិបាល។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិមេត្តាជ្រាបថា ដំណើរជាតិកម្ពុជា ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេលជាង ៥០០ ឆ្នាំ ចុងក្រោយ បានហែលឆ្លងកាត់ការបែកបាក់ និងសង្គ្រាមវិនាសកម្មឆ្អែតឆ្អន់ហើយ ជាពិសេសរបបប្រល័យពូជសាសន៍ដ៏គួរឱ្យតក់ស្លុតរន្ធត់បំផុតដែលយើងមិនធ្លាប់ជួបប្រទះ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំរៀមច្បងរបស់យើង ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាផ្សេងទៀត នៅតែអាចដឹកនាំកម្លាំងស្នេហាជាតិទាញប្រទេសឱ្យផុតពីជ្រោះមរណៈបាន ហើយស្តាប្រទេសនេះឱ្យរីកស្រស់បំព្រងដូចសព្វថ្ងៃ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននិងកំពុងបន្តដឹកនាំលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសន្តិភាពនិងស្ថិរភាពនយោបាយដែលជាឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ដូច្នេះ អ្វីដែលកំពុងកើតឡើងនាពេលនេះ មិនមែនជារឿងដែលធ្វើឱ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាវិញ្ញាសាមួយដែលជំរុញឱ្យខ្មែរយើងរួបរួមគ្នាកាន់តែខ្លាំងដើម្បីការពារអធិប តេយ្យភាពជាតិ និងបូរណភាពទឹកដី និងរួមគ្នាជំរុញទៅរកដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ដែលជាគោលជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនឡើងវិញចំពោះជនរួមជាតិ ក៏ដូចជាសហគមន៍អន្តរជាតិថា ការដោះលែងយោធិនកម្ពុជា១៨រូប គឺជាជំហានដ៏សំខាន់មួយទៀត បន្ទាប់ពីបទឈប់បាញ់ដែលកម្ពុជាបាននិងកំពុងបន្តអនុវត្តបានយ៉ាងល្អ។ នេះគឺជាសញ្ញាវិជ្ជមានក្នុងការស្តាទំនុកចិត្តគ្នា និងការឈានទៅការស្តាសន្តិភាពនិងធ្វើឱ្យសន្តិភាពស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរស្របតាមស្មារតីដែលបានព្រមព្រៀងគ្នា និងក៏ជាអ្វីដែលសហគមន៍អន្តរជាតិកំពុងជំរុញ។ ជំហានបន្ទាប់ទៀតដែលភាគីទាំងពីរ (កម្ពុជា និងថៃ) ត្រូវធ្វើ គឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀងដែលមានកន្លងមកគឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។
ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
សូមជំរាបជូនជនរួមជាតិជ្រាបផងដែរថា កម្លាំងចលករដ៏សំខាន់ក្នុងការឈានទៅសម្រេចការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយយុត្តិធម៌នាពេលខាងមុខ គឺ ទី១៖ ជំហរការទូតច្បាស់លាស់និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើងដែលឈរលើកិច្ចសន្ទានាដោយសន្តិវិធី និងដោយផ្អែកលើច្បាប់។ ទី២៖ យើងមានឯកសារផ្លូវច្បាប់រឹងមាំដែលទទួលស្គាល់ជាអន្តរជាតិដូចបានលើកឡើងខាងដើម។ ទី៣៖ គឺជំហររបស់សហគមន៍អន្តរជាតិដែលគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ស្របជាមួយជំហររបស់រាជរដ្ឋាភិបាលកម្ពុជា និងទី៤៖ កម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើងដែលផ្តល់ទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា។
ទាំងអស់នេះ គឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី។ ដូច្នេះ យើងត្រូវថែរក្សាចំណុចខ្លាំងនេះឱ្យបានរឹងមាំជារៀងរហូតដោយមិនត្រូវអនុញ្ញាតឱ្យអ្នកណា ឬក្រុមណាមកបំផ្លាញកម្លាំងស្នូលរបស់ជាតិយើងបានឡើយ៕






















