ស្វាយរៀង៖ កាស៊ីណូ យីហោ «៦៧» ដែលមានទីតាំងជាប់ព្រំដែន កម្ពុជា-វៀតណាម នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង បានចាប់ផ្តើមបើកដំណើរការសង្វៀនជល់មាន់ និងល្បែងភ្នាល់ស៊ីសងខុសច្បាប់ឡើងវិញ ដោយមានលំហូរចូលរបស់ប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម តាមច្រកព្រំដែនសំរោងយ៉ាងគំហុក។
ប្រជាពលរដ្ឋបានរាយការណ៍ថា កាស៊ីណូ ៦៧ បើកភ្នាល់ជល់មាន់ទ្រង់ទ្រាយធំ ទៅលើទឹកប្រាក់រាប់សិបលានដុងក្នុងមួយគូៗ។ ការចូលលេងរបស់ជនជាតិវៀតណាម មានទាំងមានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន ប៉ុន្តែអាចចូលលេងបានយ៉ាងងាយស្រួល។ ការបើកភ្លើងខៀវ និងការគ្រប់គ្រងកាស៊ីណូ ដោយឯកជន មហាជនកត់សម្គាល់ឃើញថា អាចមានការគុបគិតជាមួយសមត្ថកិច្ចប្រចាំច្រកព្រំដែន កម្ពុជា-វៀតណាម ឬមានខ្នងបង្អែករឹងមាំ។
សកម្មភាពនេះ ត្រូវបានមើលឃើញថា ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ល្បែងស៊ីសង និងរំលោភលើគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដែលបានណែនាំឡើងពីក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋក្នុងស្រុកចន្ទ្រា បានអំពាវនាវដល់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឲ្យចាត់វិធានការបន្ទាន់ក្នុងការត្រួតពិនិត្យ និងបង្រ្កាបកាស៊ីណូ យីហោ «៦៧» ដើម្បី ពង្រឹងច្បាប់ និងផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជុំវិញការបើកដំណើរសង្វៀនជល់មាន់នៅកាស៊ីណូ ៦៧ នេះ អង្គភាពសារព័ត៌មានយើងមិនទាន់សុំការបំភ្លឺពីអ្នកគ្រប់គ្រងកាស៊ីណូ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តស្វាយរៀង បាននៅឡើយទេ ដោយរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕
_1767283108.jpg)









