2026-01-01 23:11
11

ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ បានឱ្យដឹងថា កម្ពុជាជឿជាក់ថាការដោះលែងទាហានកម្ពុជាទាំង ១៨ រូប ដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តនិងការជឿជាក់គ្នាទៅវិញទៅមកដោយបង្កើតបរិយាកាសឆ្ពោះទៅរកការស្តារទំនាក់ទំនងជាប្រក្រតី និងសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ

សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ការដោះលែងទាហានទាំង១៨រូបនេះ ត្រូវបានធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចំពោះការសម្របសម្រួលដែលធានាបាននូវការវិលត្រឡប់ប្រកបដោយជោគជ័យនាពេលនេះ។ ប្រជាជនកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីគ្រប់ទិសទីសម្រាប់ការដោះលែងនេះ៕