2026-01-07 15:23
22

ភ្នំពេញ៖ ក្រសួងបរិស្ថាន សូមជូនដំណឹងដល់សាធារណជន និងបណ្តាសារព័ត៌មានជាតិ អន្តរជាតិ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ មានករណីភ្លើងឆេះព្រៃ និងដីព្រៃកើតឡើងនៅតាមតំបន់មួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលភាគច្រើនកើតមានក្នុងរដូវប្រាំង ដោយសារភាពស្ងួត និងសកម្មភាពមនុស្ស សរុបមានចំនួន ៧៨៤ ករណី។

 តាមការបញ្ជាក់របស់ក្រសួងបរិស្ថាន កម្លាំងមន្ត្រីឧទ្យានុរក្ស និងមន្ត្រីជំនាញពាក់ព័ន្ធ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីចុះអន្តរាគមន៍ ទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃទាំងនោះឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតដល់ធនធានធម្មជាតិ ជីវៈចម្រុះ និងសុវត្ថិភាពប្រជាពលរដ្ឋ។

 ក្រសួងបរិស្ថានបានបញ្ជាក់ថា ករណីភ្លើងឆេះព្រៃភាគច្រើន មានមូលហេតុពីការដុតស្មៅ ដុតចម្ការ ការដុតសំណល់កសិកម្ម និងសកម្មភាពមួយចំនួនដែលមិនបានគ្រប់គ្រងត្រឹមត្រូវ ខណៈភ្លើងខ្លះក៏អាចបណ្តាលមកពីការធ្វេសប្រហែស និងការមិនគោរពវិធានការការពារបរិស្ថាន។ 

ក្នុងន័យនេះ ក្រសួងបរិស្ថាន សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រប់កម្រិត មន្ត្រីជំនាញ និងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយជៀសវាងការដុតព្រៃ ដុតស្មៅ និងដុតសំណល់កសិកម្មដោយគ្មានការត្រួតពិនិត្យ ព្រមទាំងជូនដំណឹងភ្លាមៗដល់សមត្ថកិច្ច នៅពេលប្រទះឃើញករណីភ្លើងឆេះព្រៃ។ 

ក្រសួងបរិស្ថាន បន្តអះអាងពីការប្តេជ្ញាចិត្តក្នុងការពង្រឹងការអនុវត្តច្បាប់ ការត្រួតពិនិត្យ និងការអប់រំផ្សព្វផ្សាយ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើ ឱ្យបានគង់វង្ស ស្របតាមគោលនយោបាយ «ភាពបៃតង» និងយុទ្ធសាស្ត្របរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា៕