2026-01-07 22:00
30

ភ្នំពេញ៖ លោក Chen Zhi ប្រធានក្រុមហ៊ុន Prince Holding Group និងបក្ខពួក ចំនួន ០២​ នាក់ទៀត ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសកម្ពុជា ចាប់ខ្លួន និងបញ្ជូនទៅកាន់ប្រទេសចិន ដើម្បីធ្វើការស៊ើបអង្កេតបន្ត ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងដោយផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន សម​ត្ថកិច្ចកម្ពុជា បានធ្វើការចាប់ខ្លួនពលរដ្ឋចិន ចំនួន ០៣ នាក់ និងបញ្ជូនទៅប្រទេសចិនវិញ។

ចំពោះពលរដ្ឋចិនទាំង ០៣ នាក់នោះ រួមមាន៖ ឈ្មោះ Chen Zhi, Xu Ji Liang និង Shao Ji Hui។ ប្រតិបត្តិការនេះ បានអនុវត្តឡើងកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា លោក Chen Zhi ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដកសញ្ជាតិខ្មែរ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងធានាការអនុវត្តច្បាប់ដោយតម្លាភាព និងត្រឹមត្រូវ ស្របតាមច្បាប់៕