2026-01-10 15:45
22

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួល និងដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យជាក់ស្តែងពីផលប៉ះពាល់ដែលកើតឡើងលើផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រជាពលរដ្ឋខ្មែរ នៅតំបន់បឹងត្រកួន បន្ទាប់ពីការឈ្លានពានដែនអធិបតេយ្យភាពកម្ពុជារបស់យោធាថៃជាលើកទី២។

តាមការបញ្ជាក់ពីអាជ្ញាធរខេត្ត ការប៉ះទង្គិចដែលបានអូសបន្លាយរយៈពេលប្រមាណ ២១ថ្ងៃ កន្លងទៅនេះ យោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលក្នុងភូមិសាស្ត្រកម្ពុជា បណ្តាលឱ្យផ្ទះសម្បែងប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ 

លើសពីនេះទៀត យោធាថៃ ក៏បានដាក់ទូកុងតឺន័ និងបន្លាលួស ព័ទ្ធយកដីធ្លី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ ដោយខុសច្បាប់។

ក្នុងឱកាសដដែល លោក អ៊ុ រាត្រី ក៏បានបន្តសម្របសម្រួលជូនក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យដោយផ្ទាល់នៅទីតាំងជនភៀសសឹកក្នុងភូមិសាស្ត្រស្រុកថ្មពួក ដែលមានប្រជាពលរដ្ឋ ជាង ១ពាន់គ្រួសារ កំពុងស្នាក់នៅបណ្ដោះអាសន្ន។ 

ជនភៀសសឹកទាំងនេះ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ ដោយសារផ្ទះសម្បែងរបស់ពួកគេ ត្រូវបានយោធាថៃដាក់ទូកុងតឺន័ បន្លាលួសព័ទ្ធយក និងមានករណីបំផ្លាញខ្លះៗផងដែរ។

ការចុះពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅតំបន់បឹងត្រកួន ត្រូវបានចាត់ទុកថា ជាជំហានសំខាន់ក្នុងការវាយតម្លៃផលប៉ះពាល់ជាក់ស្តែងលើជីវភាព និងសុវត្ថិភាពប្រជាពលរដ្ឋស៊ីវិល ព្រមទាំងជាភស្តុតាងបញ្ជាក់អំពីការរងគ្រោះពីសកម្មភាពយោធាដែលបានរំលោភលើដែនអធិបតេយ្យភាព និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕