2026-01-10 15:49
22

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខវីរកងទ័ពសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺ និងរបួស នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

ក្នុងព្រះរាជសកម្មភាពដ៏មានអត្ថន័យនេះ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលសួរសុខទុក្ខ និងលើកទឹកចិត្តដល់វីរកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពរបស់ជាតិ។ ព្រះអង្គបានបង្ហាញព្រះរាជហឫទ័យអាណិតអាសូរ និងគាំទ្រយ៉ាងខ្ពង់ខ្ពស់ ចំពោះការលះបង់ដ៏អស្ចារ្យរបស់កងទ័ពកម្ពុជា។

ជាមួយគ្នានេះដែរ ព្រះមហាក្សត្រ បានប្រទានព្រះរាជអំណោយ និងព្រះរាជពរ ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលទុក្ខលំបាកដល់វីរកងទ័ពដែលកំពុងព្យាបាល។ ព្រះរាជសកម្មភាពនេះ បានបង្ហាញពីព្រះរាជហឫទ័យមេត្តាករុណា និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ព្រះអង្គ ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធជាតិ។

ការស្តេចយាងសួរសុខទុក្ខរបស់ព្រះមហាក្សត្រ ត្រូវបានចាត់ទុកថា ជាការលើកទឹកចិត្តដ៏មានន័យសំខាន់ បង្កើនស្មារតី និងកម្លាំងចិត្តដល់វីរកងទ័ព ក្នុងការបន្តបំពេញភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕