2026-01-11 13:06
14

ភ្នំពេញ៖ ដើម្បីស្តារជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តការវាយតម្លៃជាបណ្តើរៗ លើទិដ្ឋភាពសំខាន់ៗចំនួន៣។ នេះបើតាមសារពិសេសរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងទៅកាន់ប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។

សម្តេចធិបតី បានមានប្រសាសន៍ថា ទិដ្ឋភាពសំខាន់ៗទាំង ៣ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់វាយតម្លៃ រួមមាន៖ ទី១- ផលប៉ះពាល់ទៅលើផលដំណាំរបស់ប្រជាកសិករ, ទី២- ស្ថានភាពបំណុលរបស់ប្រជាពលរដ្ឋ និងទី៣- ការស្តារឡើងវិញជាបន្ទាន់នូវសេវាសាធារណៈចាំបាច់។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា «ការស្តារសេវាសាធារណៈ មានសារៈសំខាន់ខ្លាំង ជាពិសេសបណ្តាញទឹកស្អាត អគ្គីសនី និងទូរគមនាគមន៍ រួមទាំងបណ្តាញដែលស្ថិតក្រោមការវិនិយោគរបស់ប្រតិបត្តិករឯកជន ដើម្បីធានាថាប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរកជីវភាពធម្មតាវិញបានឆាប់រហ័ស»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «រាជរដ្ឋាភិបាល នឹងបន្តចាត់វិធានការយ៉ាងសកម្ម និងសមស្រប ដោយផ្អែកលើលទ្ធផលវាយតម្លៃជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា»៕