2026-01-11 13:24
11

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរាជរដ្ឋាភិបាល។

លោក DeSombre បានជម្រាបថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងលោកប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ លោកក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែង និងវិលត្រឡប់ជួបគ្រួសារវិញ។

លោកDeSombre បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិកនឹងបន្តជំរុញការរក្សាបទឈប់បាញ់ និងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ»។ សហរដ្ឋអាមេរិក ក៏បានប្រកាសផ្តល់ជំនួយ ចំនួន ១៥ លានដុល្លារ សម្រាប់គាំទ្រជនភៀសសឹកនៅព្រំដែន និង ចំនួន ១០ លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump និងរដ្ឋាភិបាលអាមេរិក ដែលបានសម្របសម្រួលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម, ផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។

ក្នុងកិច្ចជួបនេះ ផ្ទាំងភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងទំនាក់ទំនង កម្ពុជា-សហរដ្ឋអាមេរិក និងបានឯកភាពបន្តជំរុញវិធានការជាក់លាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិភាពសង្គម និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោក DeSombre បានផងដែរប្រកាសថា «សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយ ចំនួន ១០ លានដុល្លារ សម្រាប់ការកសាងសមត្ថភាពកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»៕