2026-01-12 11:18
4

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ស្តីពី ស្ថានភាពខូចខាតយ៉ាងធ្ងន់ធ្ងរនៅ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដែលបណ្តាលមកពីការបាញ់ប្រហាររបស់យោធាថៃ ក្នុងអំឡុងថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងបន្តពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមការកត់ត្រាចងក្រងជាផ្លូវការរបស់អាជ្ញាធរជាតិព្រះវិហារ ការវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២៥ បានបណ្តាលឱ្យ ប្រាង្គប្រាសាទព្រះវិហារ ខូចខាត ចំនួន ១៤២ កន្លែង និងតំបន់ជុំវិញ ចំនួន ៤២ កន្លែង រួមទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្ស។ 

លើសពីនេះ សហគមន៍ជុំវិញប្រាសាទ រងការខូចខាត ចំនួន ៦០ កន្លែង បណ្តាលឱ្យប្រជាពលរដ្ឋ ១៤,៨៣២ នាក់ ត្រូវជម្លៀសចេញពីលំនៅឋាន។

សម្រាប់ការវាយប្រហារក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ បានបញ្ជាក់ថា កម្រិតនៃការខូចខាតមានសភាពធ្ងន់ធ្ងរជាងមុនយ៉ាងខ្លាំង។ 

តាមរយៈភស្តុតាងរូបថត និងវីដេអូ សំណង់ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់ នៃប្រាសាទ ចាប់ពី គោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ និងជណ្តើរបុរាណខាងជើង បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការផ្លោងគ្រាប់ធុនធ្ងន់ និងការទម្លាក់គ្រាប់បែកពីលើអាកាស។

ជាមួយគ្នានេះ សកម្មភាពអភិរក្ស និងជួសជុលប្រចាំថ្ងៃ ត្រូវបានរាំងស្ទះ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារអភិរក្សក្រោមគម្រោងសហប្រតិបត្តិការអន្តរជាតិជាច្រើន ត្រូវបានបំផ្លាញទាំងស្រុង។ ក្នុងនោះរួមមាន គម្រោងអភិរក្សជណ្តើរបុរាណខាងជើង (កម្ពុជា-សហរដ្ឋអាមេរិក) គម្រោងគោបុរៈទី៥ (កម្ពុជា-ឥណ្ឌា) និងសំណង់គោបុរៈទី១ ទី២ និង ទី៣ (កម្ពុជា-ចិន) ដែលទាមទារឱ្យមានការសិក្សាបច្ចេកទេស និងរៀបចំផែនការជួសជុលថ្មីទាំងស្រុង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការវាយប្រហារទាំងពីរលើកនេះ បានបំផ្លាញសំណង់ស្ថាបត្យកម្មបុរាណ សិលាចារឹក អគារអភិរក្ស និងបរិក្ខារបច្ចេកទេសជាច្រើន ដែលបានរារាំងយ៉ាងខ្លាំងដល់ការខិតខំប្រឹងប្រែងអភិរក្សរបស់ស្ថាប័នជាតិ និងដៃគូអន្តរជាតិ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងបានចេញផ្សាយជាផ្លូវការនូវ របាយការណ៍វាយតម្លៃការខូចខាត រួមទាំងឯកសារវីដេអូពាក់ព័ន្ធ និងរបាយការណ៍ស្តីពីការបោសសម្អាត និងពិនិត្យអាវុធមិនទាន់ផ្ទុះ ដែលបានបញ្ជូនទៅអង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និងសហគមន៍អន្តរជាតិ។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងពិធីសារទី២ ឆ្នាំ១៩៩៩ ព្រមទាំងផ្តល់ការគាំទ្រវិធានការបន្ទាន់ ដើម្បីការពារ អភិរក្ស និងស្តារឡើងវិញនូវ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាទីសក្ការៈដ៏មានតម្លៃរបស់កម្ពុជា៕