ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្ស ថ្នាក់ទី១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញចុះដឹកនាំកម្លាំងមន្ត្រីមណ្ឌលអប់រំកែប្រែទី១ សហការជាមួយកម្លាំងពីនាយកដ្ឋានសន្តិសុខ ដឹកនាំដោយឧត្តមអគ្គានុរក្សថ្នាក់ទី១ មាន ថាវរិន្ទ និងកម្លាំងពីនាយកដ្ឋានប្រតិបត្តិ ដឹកនាំដោយឧត្តមអគ្គានុរក្ស ថ្នាក់ទី១ ឈឹម សុផាណារ៉ាត់ ដើម្បីអនុវត្តបេសកកម្មបញ្ជូនជនជាប់ឃុំ ចំនួន ១៧២ នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣។
ការផ្ទេរជនជាប់ឃុំខាងលើនេះ ត្រូវបានអនុវត្តក្នុងគោលបំណងសម្រួលបញ្ហាចង្អៀតណែន និងធានាការគ្រប់គ្រងឃុំខ្លួនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
មុននេះបន្តិច មណ្ឌលអប់រំកែប្រែទី១ ក៏បានបញ្ជូនជនជាប់ឃុំ សរុបចំនួន ៩៩ នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីបន្តដោះស្រាយបញ្ហាចង្អៀតណែនក្នុងមណ្ឌលផងដែរ។
ជាមួយគ្នានេះ មណ្ឌលអប់រំកែប្រែទី១ ក៏បានអនុវត្តវិធានការបន្ថែម ដោយសាងសង់អគារឃុំថ្មី និងកែសម្រួលអគារឃុំមួយចំនួនទៀត ដើម្បីបង្កើនសមត្ថភាពទទួល និងលក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំឲ្យកាន់តែប្រសើរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានមណ្ឌល បានថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមឲ្យបេសកកម្មដឹកបញ្ជូនជនជាប់ឃុំទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសុវត្ថិភាពខ្ពស់៕




