2026-01-12 13:42
11

(ភ្នំពេញ)៖ សាជាថ្មីម្តងទៀតដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត សំដៅបង្ការគ្រោះថ្នាក់ជាយថាហេតុនៅកន្លែងធ្វើការដូចជាការដួលសន្លប់ និងករណីអគ្គិភ័យ ក្នុងរដូវប្រាំងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីពេលថ្មីៗកន្លងទៅនេះ បានក្រើនរំឭកដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យអនុវត្តវិធានការបង្ការអគ្គិភ័យឱ្យបានម៉ឺងម៉ាត់ ស្របតាមសេចក្តីណែនាំចុះថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៥ របស់ក្រសួង។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានឱ្យដឹងថា ស្របពេលស្ថានភាពអាកាសធាតុនៅតែបន្តប្រែប្រួល ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបង្កើនឱ្យមានការត្រួតពិនិត្យជាប្រចាំនូវបណ្ដាញផ្គត់ផ្គង់ចរន្តអគ្គិសនី បំពង់ពន្លត់អគ្គិសភ័យ ប្រព័ន្ធទុយោបាញ់ពន្លត់អគ្គិភ័យ កណ្ដឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់អគ្គិសនី ដើម្បីការពារសុវត្តិភាព។

យោងតាមសេចក្តីណែនាំរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានក្រើនរំលឹកដល់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវរៀបចំឱ្យមានផែនការឆ្លើយតបពេលអាសន្នឱ្យបានរហ័ស ចំពោះទីតាំងដែលប្រើប្រាស់សារធាតុគីមី និងវត្ថុ ឬសម្ភារៈដែលងាយឆាបឆេះ និងធ្វើការតាមដានជាប្រចាំលើសីតុណ្ហភាពសមាមាត្រ ដែលបានបំពាក់ក្នុងសហគ្រាស និងគ្រឹះស្ថាន ពិនិត្យនិងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ បើកទ្វារ បង្អួចទាំងអស់ កម្មករនិយោជិតត្រូវស្លៀកសម្លៀកបំពាក់សមស្របតាមអាកាសធាតុ។

ជាមួយគ្នានេះ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអប់រំបណ្ដុះបណ្ដាលកម្មករនិយោជិតឱ្យយល់ដឹងពីសញ្ញាការពារសុវត្តិភាព របៀបជម្លៀសខ្លួនទៅកាន់ទីតាំងសុវត្តិភាព និងត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានុដ្ឋានប្រចាំសហគ្រាសផងដែរ។

សេចក្តីណែនាំដដែលបញ្ជាក់ទៀតថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្ដីណែនាំ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងត្រូវទទួលរងពិន័យតាមច្បាប់ស្ដីពីការងារ និងទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត៕