ព្រះវិហារ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ចំនួន ៥៤០ គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំទីជម្រកសុវត្ថិភាព និងផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនជនភៀសសឹកឲ្យអាចស្នាក់នៅបានដោយសុវត្ថិភាព ក្នុងស្ថានភាពដ៏លំបាកនេះ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដែលកើតមាន និងបានដាក់ចេញវិធានការចាំបាច់ចំនួន ៣ ដើម្បីដោះស្រាយបញ្ហាជនភៀសសឹក និងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។
វិធានការទី១ សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងសម្របសម្រួលឲ្យការវិលត្រឡប់នេះអាចប្រព្រឹត្តទៅបានឆាប់រហ័ស និងមានសុវត្ថិភាព។
ក្នុងនោះ ប្រតិបត្តិករមីន ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) កំពុងបន្តបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាសុវត្ថិភាពមុនអនុញ្ញាតឲ្យប្រជាពលរដ្ឋត្រឡប់ទៅរស់នៅវិញ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចំពោះកិច្ច សម្រាប់រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។
វិធានការទី២ ចំពោះបងប្អូនជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងពង្រឹងការរៀបចំជម្រកបណ្តោះអាសន្ន ឬផ្លាស់ប្តូរទីតាំងទៅកាន់កន្លែងមានសភាពប្រសើរជាងមុន។ រាជរដ្ឋាភិបាលក៏កំពុងពិនិត្យដំណោះស្រាយសមរម្យ ដើម្បីជួយបងប្អូនរក្សាលំនឹងជីវភាពប្រចាំថ្ងៃ រហូតដល់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
វិធានការទី៣ សម្រាប់ការស្តារហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងមូលដ្ឋាន ដែលរងការខូចខាត រួមមានសាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ចកំពុងវាយតម្លៃផលខូចខាតជាក់ស្តែង។ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធទាំងនេះឡើងវិញឲ្យបានឆាប់រហ័សបំផុត។
សម្តេចមហាបវរធិបតី បានអះអាងថា រាជរដ្ឋាភិបាលនឹងបន្តខិតខំអស់ពីសមត្ថភាព ដើម្បីធានាសុវត្ថិភាព សុខុមាលភាព និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងគ្រាស្ថានភាពលំបាកនេះ៕




