2026-02-03 14:10
7

បាងកក៖ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree បានចេញមុខបដិសេធយ៉ាងច្បាស់លាស់ កាលពីថ្ងៃទី០២ ខែមករា ចំពោះពាក្យចចាមអារ៉ាម ដែលអះអាងថា កងទ័ពថៃអាចនឹងធ្វើរដ្ឋប្រហារ ប្រសិនបើគណបក្សប្រជាជនថៃទទួលបានជ័យជម្នះ និងបង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោតនាពេលខាងមុខ។ 

ការបដិសេធនេះធ្វើឡើង បន្ទាប់ពីមានការចែកចាយសំឡេងខ្លីមួយតាមបណ្ដាញសង្គម ដែលទំនងដូចជាសំឡេងអ្នកនយោបាយថៃម្នាក់ អះអាងថា អាចនឹងមានរដ្ឋប្រហារកើតឡើង ប្រសិនបើគណបក្សប្រជាជនថៃក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលថ្មី។ 

លោក Winthai Suvaree បានអះអាងថា ក្រោយការស្តាប់ និងពិនិត្យជំហានដំបូង សំឡេងបែកធ្លាយនោះ មានលក្ខណៈជាការសន្ទនាអំពីបញ្ហានយោបាយទូទៅប៉ុណ្ណោះ ហើយការអះអាងមួយចំនួននៅក្នុងសំឡេងនោះ អាចជាមតិផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ មិនមែនជាគោលជំហរ ឬការបញ្ជាក់ជាផ្លូវការរបស់កងទ័ពថៃឡើយ។ 

លោកក៏បានបញ្ជាក់បន្ថែមថា បុគ្គលដែលមានសំឡេងនៅក្នុងឃ្លីបនោះ មិនមានទំនាក់ទំនងផ្ទាល់ ឬតំណាងឲ្យកងទ័ពថៃនោះទេ ដូច្នេះ ខ្លឹមសារនៃសំឡេងមួយចំនួន មិនអាចទុកចិត្តបានឡើយ។ 

អ្នកនាំពាក្យកងទ័ពថៃរូបនេះ បានបញ្ជាក់បន្ថែមថា ក្រោមគោលការណ៍ និងការណែនាំរបស់មេបញ្ជាការកងទ័ព ក្នុងអំឡុងពេលនៃការបោះឆ្នោត អង្គភាពយោធាគ្រប់លំដាប់ថ្នាក់ នឹងរក្សាភាពអព្យាក្រឹត មិនចូលរួម ឬជ្រៀតជ្រែកក្នុងសកម្មភាពនយោបាយណាមួយឡើយ។ 

ផ្ទុយទៅវិញ កងទ័ពនឹងផ្តោតលើការលើកទឹកចិត្តដល់បុគ្គលិកក្រោមបង្គាប់ ឲ្យចូលរួមបោះឆ្នោតដោយស្មោះត្រង់ តម្លាភាព និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ ក្នុងនាមជាពលរដ្ឋថៃ ដែលមានសិទ្ធិ និងកាតព្វកិច្ចតាមរដ្ឋធម្មនុញ្ញ។ 

គួរបញ្ជាក់ផងដែរថា ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតទូទៅ នៅថ្ងៃទី០៨ ខែកុម្ភៈ ខាងមុខនេះ ខណៈការស្ទង់មតិជាច្រើនមុនការបោះឆ្នោត បានបង្ហាញថា គណបក្សប្រជាជនថៃ អាចនឹងទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សភូមិចៃថៃ ដែលកំពុងដឹកនាំរដ្ឋាភិបាលចាំផ្ទះបច្ចុប្បន្ន និងគណបក្សភឿថៃ របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់៕