2026-02-03 15:49
6

ក្រោយរងសម្ពាធ និងការគម្រាមពីអាមេរិក គុយបា ចាប់ផ្ដើមឱនលំទោនទាក់ទងសូមអាមេរិកចរចារ ដើម្បីរំដោះប្រទេសខ្លួនចេញពីការសង្កត់ករបស់អាមេរិក។

តាម AI Jazeera ដែលបានចេញផ្សាយនៅថ្ងៃទី០៣ កុម្ភៈនេះបានបង្ហាញរបាយការណ៍ថា ប្រទេសគុយបា បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសន្ទនាដ៏មិនធម្មតា និងការទទួលខុសត្រូវមួយជាមួយអាមេរិក ប៉ុន្តែការសន្ទនានោះមិនទាន់ឈានដល់តុចរចារផ្លូវការជាមួយ លោក ត្រាំ នៅឡើយ។ នេះបើតាម លោក Carlos Fernandez de Cossio អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសគុយបាបានបញ្ជាក់។

តាមរយៈការលើកឡើងនេះ សបញ្ជាក់ថា គុយបាកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការទំនាក់ទំនងទៅកាន់សហរដ្ឋអាមេរិក ដើម្បីសូមការបន្ធូរបន្ថយទណ្ឌកម្មដែលមហាអំណាចនេះបានរឹតត្បិតដល់ប្រទេសខ្លួន ខណៈការព្យាយាមឱនលំទោននេះ លោក ត្រាំ មិនទាន់បើកភ្លើងខៀវជាផ្លូវការណាមួយក្នុងការចរចារជាមួយគុយបានោះទេ។

គួរឲ្យដឹងថា ការបន្ទន់ឥរិយាបថរបស់គុយបា ទៅកាន់មេដឹកនាំអាមេរិកភ្លាមៗបែបនេះ ក្រោយ កាលពីថ្ងៃចន្ទ លោក Trump បានចេញសារគំរាមដល់ទីក្រុង Havana ថា ម៉ិកស៊ិក ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់គុយបា នឹងឈប់បញ្ជូនប្រេងទៅប្រទេសនេះ ដែលជាទង្វើមួយក្នុងការបង្អត់គុយបាឲ្យដាច់ពោះស្លាប់ក្នុងតម្រូវការថាមពលរបស់ប្រជាជនពួកគេ។ 

យ៉ាងណា ជុំវិញការព្រមានរបស់ ត្រាំ ដែលបានអត្តនោម័តជំនួសប្រទេសម៉ិកស៊ិក គេឃើញថាមេដឹកនាំប្រទេសនេះមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយ ស្របពេលម៉ិកស៊ិកក៏កំពុងស្ថិតក្នុងការពិចារណាដែរថា ប្រសិនជាខ្លួនមិនធ្វើតាមការប្រកាសរបស់អាមេរិក ប្រទេសនេះអាចប្រឈមមុខនឹងការសងសឹកពីលោក Trump ជុំវិញគោលនយោបាយរបស់ពួកគេក៏ថាបាន។ 

ឆ្លើយតបទៅនឹងការកំហែងរបស់ លោក Trump ទាក់ទងនឹងការផ្គត់ផ្គង់ប្រេង អនុរដ្ឋមន្ត្រីការបរទេសរបស់គុយបា បាននិយាយថា “អាមេរិក...កំពុងព្យាយាមបង្ខំគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក មិនឲ្យផ្តល់ប្រេងឥន្ធនៈដល់គុយបា។ តើវាអាចទ្រទ្រង់បានក្នុងរយៈពេលវែងដែរឬទេ?”

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិកបានបិទផ្ទប់ប្រេងទាំងអស់មិនឱ្យទៅដល់ប្រទេសគុយបានោះទេ ជាហេតុជំរុញឱ្យមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងការដាច់ភ្លើងជាច្រើនម៉ោង សូម្បីតែនៅក្នុងរដ្ឋធានីហាវ៉ាណារបស់ប្រទេសនេះក៏ដោយ៕

អត្ថបទដោយ៖ ម៉េង ធីដា