2026-02-04 13:24
8

 ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសតវ៉ាយ៉ាងខ្លាំងជាផ្លូវការ ប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារចំនួនពីរកន្លែង ស្ថិតក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងបានបញ្ជាក់ថា ទស្សនកិច្ចត្រួតពិនិត្យខាងលើ ត្រូវបានអនុវត្តដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ទីតាំងដែលត្រូវបានធ្វើការត្រួតពិនិត្យ ស្ថិតនៅចម្ងាយប្រហែល ៣៩៧ ម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ ជិតបង្គោលព្រំដែនលេខ ១៥។

តំបន់នេះ ត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ ប្រើកម្លាំងកាន់កាប់ ក្នុងអំឡុងពេលនៃការវាយលុកចូលទឹកដីកម្ពុជា ចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ 

រាជរដ្ឋាភិបាលកម្ពុជា បដិសេធ និងជំទាស់យ៉ាងដាច់អហង្ការ ចំពោះសកម្មភាពទាំងអស់របស់កងកម្លាំងយោធាថៃ ដែលរួមមានការអនុវត្តអធិបតេយ្យដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចត្រួតពិនិត្យដូចបានរៀបរាប់ខាងលើ។ 

សកម្មភាពទាំងនេះ ត្រូវបានចាត់ទុកថា ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ព្រមទាំងជាការប៉ុនប៉ងធ្វើឲ្យស្របច្បាប់នូវការកាន់កាប់ទឹកដីអធិបតេយ្យរបស់កម្ពុជា៕