2026-02-02 15:16
10

កណ្តាល៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ដីឥដ្ឋ-ថ្មគរ សម្រេចវឌ្ឍនភាពបាន ៣៩,២% គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦ ខណៈរយៈពេលសាងសង់ សរុប ៤៨ ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខនេះ។

ស្ពាននេះ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ គម្រោងនេះជាផ្នែកមួយនៃទស្សនវិស័យរាជរដ្ឋាភិបាល ក្នុងការតភ្ជាប់បណ្តាញសេដ្ឋកិច្ច និងដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ។

តាមការបញ្ជាក់ ស្ពាននឹងភ្ជាប់ទៅមហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងតំបន់ព្រលានយន្តហោះថ្មី ខណៈត្រើយខាងកើតភ្ជាប់បន្តទៅផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលនឹងជួយបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងបន្ថយសម្ពាធចរាចរណ៍ក្នុងរាជធានី។

ស្ពានដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុង មានប្រវែងសរុបរួមទាំងផ្លូវក្បាលស្ពាន ៣,៧០០ ម៉ែត្រ។ ក្នុងនោះ តួស្ពានមានប្រវែង ១,៦០០ ម៉ែត្រ ទទឹង ២៦ ម៉ែត្រ (៤ គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែង ២,១០០ ម៉ែត្រ ទទឹង ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន ៤ ខ្សែ។

គម្រោងនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកសំខាន់ក្នុងការកែលម្អបណ្តាញដឹកជញ្ជូនជាតិ ជំរុញចលនាសេដ្ឋកិច្ច និងគាំទ្រការអភិវឌ្ឍតំបន់ជុំវិញរាជធានីភ្នំពេញនាពេលខាងមុខ៕