2026-02-02 15:14
9

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងសាធារណៈ ព្រមានពីហានិភ័យធ្ងន់ធ្ងរនៃការបាក់រលំអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ ១៤៤ កែងផ្លូវលេខ ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងអំពាវនាវឱ្យអ្នករស់នៅ ឬប្រើប្រាស់ទីតាំងនេះ ស្វែងរកទីស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់។

យោងតាមលទ្ធផលវិភាគរបស់ក្រុមជំនាញអគ្គនាយកដ្ឋានសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងដែនដី បានរកឃើញថា គុណភាពគ្រឿងផ្គុំសំណង់អគារនេះបានធ្លាក់ចុះខ្លាំង។ ស្រទាប់បេតុង និងសរសៃដែកនៅធ្នឹម កម្រាលខណ្ឌ និងសសរភាគច្រើនបានផ្ទាត់ចេញ និងមានស្នាមចេះធ្ងន់ធ្ងរ បណ្តាលឱ្យបាត់បង់សមត្ថភាពទ្រទ្រង់រចនាសម្ព័ន្ធទាំងមូល។ អគារនេះត្រូវបានចាត់ថ្នាក់ថា ជា «សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ»។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នករស់នៅ អ្នកជិតខាង និងសាធារណជន ក្រសួងបានប្រកាសថា នឹងចាប់ផ្តើមតម្លើងផ្ទាំងសេចក្តីប្រកាសព័ត៌មាននៅទីតាំងអគារ ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ។

ក្នុងរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ក្រសួង ដ.ន.ស. និងរដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការមិនអនុញ្ញាតឱ្យបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះទៀតឡើយ។ ធ្វើការហ៊ុព័ទ្ធ និងហាមឃាត់ការចូលទៅក្នុងសំណង់។

ក្រសួងអំពាវនាវឱ្យប្រជាពលរដ្ឋពាក់ព័ន្ធ និងសាធារណជន ចូលរួមសហការអនុវត្តតាមការណែនាំ ដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាពជាសាធារណៈ៕