2026-02-05 10:14
4

«ចោរហាមម្ចាស់មិនឲ្យស្រែកថា ចោរ !ចោរ! ចោរ!» មិនមែនជាពាក្យប្រៀបធៀបសម្រាប់រឿងតូចតាចឡើយ ក៏ប៉ុន្តែជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ទៅលើអាកប្បកិរិយារបស់អ្នកធ្វើខុស ដែលមិនត្រឹមតែមិនស្គាល់កំហុសរបស់ខ្លួន ប៉ុន្តែថែមទាំងព្យាយាមបិទមាត់អ្នករងគ្រោះ មិនឲ្យនិយាយការពិតថែមទៀតផង។

ករណីការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត របស់ក្រុមយោធា និងមន្ត្រីអនុវត្តច្បាប់ ដឹកនាំដោយមន្ត្រីជាន់ខ្ពស់នៃកងទ័ពថៃ នៅលើទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងបើកចំហ លើអធិបតេយ្យភាព និងបូរណភាពទឹកដី។ ទីតាំងនោះ មិនមែនជាតំបន់ប្រផេះ ឬតំបន់គ្មានម្ចាស់ឡើយ ប៉ុន្តែជាទឹកដីកម្ពុជាដែលស្ថិតនៅជិតបង្គោលព្រំដែន និងត្រូវបានកងកម្លាំងថៃយកទៅកាន់កាប់ដោយកម្លាំងក្នុងអំឡុងពេលកន្លងមក។

ប៉ុន្តែ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ គឺក្រោយពេលធ្វើសកម្មភាពរំលោភបំពានរួចហើយ ភាគីថៃវិញ មិនត្រឹមតែមិនទទួលខុសត្រូវទេ ប៉ុន្តែថែមទាំងចេញមុខ “រំលឹក” កម្ពុជា មិនឲ្យធ្វើសេចក្តីថ្លែងការណ៍ ឬសកម្មភាពដែលអាចបង្កភាពតានតឹង។ នេះមិនមែនជាអាកប្បកិរិយារបស់អ្នកស្វែងរកសន្តិភាពឡើយ ប៉ុន្តែជាអាកប្បកិរិយារបស់ចោរ ដែលបានលួចដីគេហើយ បែរជាហាមម្ចាស់ដី មិនឲ្យស្រែក មិនឲ្យតវ៉ា និងមិនឲ្យប្រាប់ពិភពលោកអំពីការពិត។

ការតវ៉ារបស់កម្ពុជា មិនមែនជាការញុះញង់ មិនមែនជាការបង្កវិវាទ និងមិនមែនជាការបំប៉ោងស្ថានការណ៍ឡើយ។ វាជាសិទ្ធិស្របច្បាប់ និងជាកាតព្វកិច្ចរបស់រដ្ឋឯករាជ្យមួយ ក្នុងការការពារទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍អាស៊ាន។ ម្ចាស់ផ្ទះ មានសិទ្ធិស្រែក នៅពេលមានចោរចូលផ្ទះហើយការស្រែកនោះ មិនអាចត្រូវបានហៅថា “ការញុះញង់” បានឡើយ។

សន្តិភាព មិនកើតចេញពីការបង្ខំឲ្យអ្នករងគ្រោះស្ងៀមស្ងាត់ទេ សន្តិភាព កើតចេញពីការគោរពព្រំដែន ការគោរពច្បាប់ និងការឈប់ប្រើកម្លាំងជាឧបករណ៍នយោបាយ។ ប្រសិនបើអ្នកធ្វើខុស ប្រាកដណាស់ អ្នកនឹងមិនចង់ឲ្យម្ចាស់ដែលជាអ្នករងគ្រោះស្រែកឡើយ ប៉ុន្តែការពិត មិនអាចត្រូវបានបិទមាត់បានទេ។

ហេតុនេះហើយ បានជាពាក្យ «ចោរហាមម្ចាស់មិនឲ្យស្រែកថា ចោរ ចោរ ចោរ» នៅតែមានតម្លៃ និងមានន័យជានិច្ចជាពិសេស នៅពេលដែលការរំលោភបំពាន ត្រូវបានបំប្លែងជាពាក្យ “អំពាវនាវឲ្យស្ងប់ស្ងាត់” ដើម្បីលាក់បាំងកំហុសរបស់ខ្លួន៕