លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនេះ ថា ក្នុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍វត្តមានថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលត្រីភាគី រវាងថ្នាក់ដឹកនាំគណបក្សទាំង៣ នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ចាត់ទុកជំនួបប្រជុំរវាងថ្នាក់ដឹកនាំគណបក្សទាំងបី នៅពេលនេះ គឺជាឱកាសនៃការពង្រីក នូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងកម្រិតត្រីភាគី នៃគណបក្សទាំងបី និងក្របខណ្ឌនៃរដ្ឋាភិបាល នៃប្រទេសទាំងបី ដើម្បីឱ្យមិត្តភាព ជាប្រពៃណីរវាងអ្នកជិតខាង នៃប្រទេសទាំងបី កាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។
ថ្នាក់ដឹកនាំគណបក្សទាំងបី សុទ្ធតែបានឯកភាពគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងគណបក្សទាំងបី ក៏ដូចជារដ្ឋាភិបាល នៃប្រទេសទាំងបី។ ចំណុចរួម ដែលថ្នាក់ដឹកនាំកំពូលទាំងបី បានរំលេចនោះ គឺទាក់ទងទៅនឹងការពង្រីកបន្ថែមទៀត នូវទំនាក់ទំនងការទូត នយោបាយទៅជាមួយគ្នា និងទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទំនាក់ទំនងនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ ថ្នាក់ដឹកនាំកំពូលទាំងបី សុទ្ធតែជំរុញ ឱ្យរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម ជំរុញទំហំពាណិជ្ជកម្មជាមួយគ្នា។ លោក ជា ធីរិទ្ធ គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជា និងវៀតណាម សម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ១១ពាន់លានដុល្លារ ដែលជាចំនួនមួយដ៏ច្រើន ហើយភាគីទាំងពីរ ក៏មានគោលដៅ បង្កើនទំហំពាណិជ្ជឱ្យដល់ ២០ ពាន់លានដុល្លារ នៅក្នុងពេលខាងមុខឆាប់ៗដែរ។ ចំណែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ, ថ្វីដ្បិតកម្ពុជា និងឡាវ មានទំហំពាណិជ្ជកម្ម នៅមានកម្រិតទាបពិតមែន ប៉ុន្តែថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ សុទ្ធតែលើកឡើងពីសក្តានុពលជាច្រើន ដែលប្រទេសទាំងពីរ អាចធ្វើជាមួយគ្នា ក្នុងការពង្រីកពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្រៅពីជំរុញការពង្រីក ទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ផ្នែកការទូត ថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងបី ក៏នៅតែផ្តោតសារៈសំខាន់ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការសម្រាប់អ្នកបន្តវេន និងយុវជនជំនាន់ក្រោយនៃគណបក្សទាំងបី ដើម្បីឱ្យអ្នកជំនាន់ក្រោយបន្តពូនជ្រំនូវវប្បធម៌ជាប្រពៃណី នៃការជួបគ្នារវាងថ្នាក់ដឹកនាំកំពូលទាំងបី។ ក្នុងនោះ ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបី ចង់ឃើញអ្នកបន្តវេន និងជំនាន់ក្រោយរបស់គណបក្ស បន្តរក្សានូវទំនាក់ទំនង ក៏ដូចជាកិច្ចប្រជុំកំពូលនេះ ឱ្យបន្តជានិរន្តរ៍ ដើម្បីស្វែងរកឱកាសនៃការពង្រីកមិត្តភាព ក្នុងក្របខណ្ឌនៃប្រទេសជិតខាងជាមួយគ្នា ។
ថ្នាក់ដឹកនាំគណបក្សទាំងបី ក៏បានឯកភាពគ្នា ក្នុងការពង្រីក និងពង្រឹងបន្ថែមទៀត នូវការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបី រួមទាំងយុវជនអ្នកបន្តវេននៃប្រទេសទាំងបី ឱ្យកាន់តែសកម្មបន្ថែមទៀតដែរ។ បន្ថែមពីនេះ ក៏ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបី យកចិត្តទុកដាក់ខ្ពស់ និងជំរុញ ឱ្យបណ្តាគណបក្សទាំងបី រួមគ្នាបណ្តុះបណ្តាលយុវជនបន្តវេន របស់គណបក្សឱ្យកាន់តែមានផុលផុស និងកាន់តែសកម្ម បន្ថែមទៀតដែរ ។
លើសពីជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្ស ថ្នាក់ដឹកនាំបក្សទាំងបី ក៏បានឯកភាពក្នុងការជំរុញនូវទំនាក់ទំនង ត្រីភាគី (កម្ពុជា និងវៀតណាម) និង(កម្ពុជា និងឡាវ) ឱ្យកាន់តែរីកចម្រើន នៅក្នុងក្របខណ្ឌនៃការសហការមិត្តភាពជាប្រពៃណីតាមព្រំដែន ឱ្យកាន់តែល្អ។
សុវត្ថិភាព និងសន្តិភាពតាមព្រំដែន គឺជាកត្តាចម្បងដែលថ្នាក់ដឹកនាំគណបក្សទាំងបី បានលើកឡើង ហើយក៏កោតសរសើរចំពោះអ្វី ដែលប្រទេសទាំងបី បានធ្វើឡើងជាមួយគ្នា ដោយរក្សាបាននូវទំនាក់ទំនងតាមព្រំដែនដ៏ល្អប្រសើរ ហើយបន្តនូវការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងឧក្រិដ្ឋនកម្មឆ្លងដែន ដើម្បីធានាថា ព្រំដែន រវាងប្រទេសទាំងបី មានសុវត្ថិភាព ហើយបន្តរក្សានូវសន្តិភាពតាមព្រំដែន៕







