រូបភាពពីកន្លែងកើតហេតុ បង្ហាញឲ្យឃើញសាកសព និងអ្នករងរបួសរដូករណែលលើកម្រាលវិហារ ក្បែរបំណែកកញ្ចក់ សំណល់បាក់បែក និងសភាពភ័យស្លន់ស្លោរបស់អ្នកចូលរួមបួងសួង។ អ្នករងរបួសជាច្រើននាក់ផ្សេងទៀត ត្រូវបានឃើញដេកនៅក្នុងសួនច្បារនៃវិហារ Khadija Tul Kubra Imambargah ស្ថិតនៅតំបន់ជាយក្រុងអ៊ីស្លាមាបាដ ខណៈមនុស្សជុំវិញកំពុងហៅរកជំនួយ។
ការបំផ្ទុះគ្រាប់បែកដែលកើតឡើងដ៏កម្រ នៅក្នុងរដ្ឋធានីដែលមានការពារសន្តិសុខយ៉ាងតឹងរឹងនេះ ប៉ុន្តែប៉ាគីស្ថានបានប្រឈមមុខនឹងរលកអំពើហិង្សាកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយ។
លោក Irfan Memon អភិបាលរងទីក្រុងអ៊ីស្លាមាបាដ បានថ្លែងក្នុងសេចក្តីប្រកាសថា៖ «ចំនួនអ្នកស្លាប់ពីការផ្ទុះបានកើនឡើងដល់ ៣១ នាក់ ខណៈអ្នករងរបួសដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកើនដល់ ១៦៩នាក់»។
មន្ត្រីប៉ូលិសពីររូប បានឱ្យដឹងថា ជនវាយប្រហារត្រូវបានបញ្ឈប់នៅច្រកចូលវិហារ មុនពេលបំផ្ទុះគ្រាប់បែក ប៉ុន្តែពួកគេស្នើសុំមិនបង្ហាញអត្តសញ្ញាណ ព្រោះមិនមានសិទ្ធិផ្តល់ព័ត៌មានទៅសារព័ត៌មាន។
សហគមន៍ស៊ីអ៊ីត ដែលជាជនភាគតិចក្នុងប្រទេសដែលភាគច្រើនជាមូស្លីមនិកាយស៊ុននី មានប្រជាជនប្រមាណ ២៤១លាននាក់ ធ្លាប់ជាគោលដៅនៃអំពើហិង្សាផ្នែកនិកាយ។ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅអ៊ីស្លាមាបាដ បានសម្លាប់មនុស្ស ១២ នាក់ និងបង្ករឲ្យរងរបួស ២៧ នាក់ ដែលអាជ្ញាធរប៉ាគីស្ថានអះអាងថា ធ្វើឡើងដោយជនជាតិអាហ្វហ្គានីស្ថាន ខណៈមិនមានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍នេះឡើយ៕








