2026-02-08 13:36
6

ទីក្រុងគែរ៖ មធ្យោបាយប្រើកម្លាំងយោធា ដើម្បីជាគន្លឹះដោះស្រាយបញ្ហារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅតែស្ថិតក្នុងភាពស្ទាក់ស្ទើរ បើទោះបីប្រទេសទាំងពីរនេះបន្តប្រើសំឡេងខ្លាំងៗគម្រាមគ្នាទៅវិញទៅមក អំឡុងពេលកិច្ចចរចារកម្មវិធីនុយក្លេអ៊ែរកំពុងបន្តក៏ដោយ។

តាម Reuter បានចេញផ្សាយនៅថ្ងៃទី៧ កុម្ភៈបានឲ្យដឹងថា មន្ត្រីការបរទេសអ៊ីរ៉ង់នៅតែព្រមានខ្លាំងៗទៅអាមេរិកដដែល ដោយគម្រាមថា អ៊ីរ៉ង់នឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ប្រសិនបើប្រទេសនេះត្រូវបានវាយប្រហារដោយកងកម្លាំងអាមេរិកដែលបានប្រមូលផ្តុំគ្នានៅក្នុងតំបន់កៀកទ្វារផ្ទះទីក្រុងតេអេរ៉ង់។ រដ្ឋមន្រ្តីដដែលបន្ទរថាភ្ញៀវមិនគួរប្រើកម្លាំងវាយប្រហារលើប្រទេសដែលធ្វើជាម្ចាស់ផ្ទះនោះទេ។

បើទោះអាមេរិក និងអ៊ីរ៉ង់ កំពុងបន្តកិច្ចចរចានុយក្លេអ៊ែរដោយប្រយោល បន្ទាប់ពីភាគីទាំងពីរបានពិពណ៌នាថាជាការពិភាក្សាវិជ្ជមានកាលពីថ្ងៃសុក្រកន្លងទៅ នៅប្រទេសអូម៉ង់ក៏ដោយ ប៉ុន្តែការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរនេះនៅតែជៀសមិនផុត និងមិនទាន់រកច្រកចេញឃើញដដែល។ 

ខណៈប្រធានាធិបតី ត្រាំ នៅតែប្រកាន់ជំហររក្សាពាក្យព្រមានទៅកាន់មេដឹកនាំអ៊ីរ៉ង់ដូចដើម និងមិនទាន់ប្រកាសឲ្យមានការដកកម្លាំយោធារបស់ខ្លួនណាមួយចេញពីមាត់ទ្វារផ្ទះអ៊ីរ៉ង់នោះ ស្រាប់តែរដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi បាននិយាយទៅកាន់ទូរទស្សន៍ Qatari Al Jazeera មួយថ្ងៃបន្ទាប់ពីទីក្រុង Tehran និង Washington ទើបតែបន្តកិច្ចចរចារនុយក្លេអ៊ែរថា "ការសន្ទនាណាមួយទាមទារឱ្យមានការបដិសេធពីការគំរាមកំហែង និងសម្ពាធ។ 

ទីក្រុងតេអេរ៉ង់ ពិភាក្សាតែបញ្ហានុយក្លេអ៊ែររបស់ខ្លួនប៉ុណ្ណោះ... យើងមិនពិភាក្សាបញ្ហាផ្សេងទៀតជាមួយសហរដ្ឋអាមេរិកទេ។" រដ្ឋមន្រ្តីរូបនេះ បន្តព្រមានអាមេរិកថា ត្បិតអ៊ីរ៉ង់មិនអាចវាយប្រហារដីអាមេរិកបានមែន ប៉ុន្តែខ្លួននឹងកំណត់គោលដៅមូលដ្ឋានរបស់អាមេរិកនៅក្នុងតំបន់ជំនួសវិញ។ 

លោក Abbas Araqchi បន្ថែមថា “យើងនឹងមិនវាយប្រហារប្រទេសជិតខាងទេ ផ្ទុយទៅវិញ យើងនឹងកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកដែលឈរជើងនៅក្នុងតំបន់របស់ពួកគេ” ៕

អត្ថបទដោយ៖  ម៉េង ធីដា